×

ឧបសគ្គ​មិនចេះចប់ ក្រុមបាតុករ​ជាង១០០នាក់​នាំគ្នា​ធ្វើ​បាតុកម្ម​ជំទាស់នឹង​អាពាហ៍ពិពាហ៍​របស់​ព្រះនាងជប៉ុន​ម៉ាកូ និង​គូដណ្តឹង

ជប៉ុន៖ កាលពីដើមខែតុលាកន្លងទៅ ពិធីរៀបអាពាហ៍ពិពាហ៍របស់ព្រះនាង Mako និងគូដណ្តឹងលោក Kei Komuro បានប្រកាសជាផ្លូវការ ថា នឹងរៀបចំនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះ ដោយប្រារព្ធទៅយ៉ាងសាមញ្ញបែបប្រជារាស្ត្រ មិនមានការរៀបអភិសេកធំដុំក្នុងរាជវង្សឡើយ។

យ៉ាងណាមិញ ស្នេហារវាងខ្សែរាជវង្ស និងរាស្ត្រសាមញ្ញមួយគូនេះ បានជួបឧបសគ្គមិនចេះចប់ ដោយមនុស្សជាច្រើនដល់ថ្នាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងចំណងអាពាហ៍ពិពាហ៍មួយនេះ។ ជាក់ស្តែង កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមបាតុករជាង១០០នាក់ ភាគច្រើនជាស្ត្រី បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅម្តុំទីប្រជុំជន Ginza ទីក្រុងតូក្យូ ដើម្បីជំទាស់នឹងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។

ទោះជាយ៉ាងណា បាតុកម្មត្រូវបានបញ្ឈប់ភ្លាមៗ និងបញ្ចប់ដោយការសម្រួលរបស់សន្តិសុខសណ្តាប់ធ្នាប់ដែលបានចុះធ្វើអន្តរាគមន៍។

គួរបញ្ជាក់ដែរថា បញ្ហាចម្រូងចម្រាសរឿងហិរញ្ញវត្ថុរបស់គ្រួសារ Komuro បានធ្វើឱ្យអាពាហ៍ពិពាហ៍របស់ព្រះនាង Mako និង Komuro ពន្យារពេលម្តងរួចមកហើយ រហូតដល់អ្នកទាំងពីរ ប្រកាសថ្ងៃរៀបការជាផ្លូវការ ដោយមិនមានការពេញចិត្តសាជាថ្មី និងឈានដល់ការធ្វើបាតុកម្មបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង