×

អគ្គស្នងការដ្ឋាន​នគរបាល​ថៃ ព្រមាន​អ្នកមើលរឿង Squid Game កុំឱ្យ​ធ្វើត្រាប់​តាម​សាច់រឿង

ថៃ៖ កាលពីថ្ងៃអាទិត្យ អគ្គស្នងការដ្ឋាននគរបាលថៃ បានព្រមានថា ភាពយន្តរឿង Squid Game ដែលជារឿងភាគរបស់កូរ៉េខាងត្បូង នៅលើ Netflix មានឈុតឆាកដែលបង្ហាញពីអំពើហឹង្សា បាញ់កាប់សម្លា ប់ ដែលអាចបង្កឱ្យមានផលអវិជ្ជមានដល់អ្នកទស្សនា។

លោកវរសេនីយ៍ទោ ឃិនសាណា ផាថាណាចារឿន អ្នកនាំពាក្យរងអគ្គស្នងការដ្ឋាននគរបាលជាតិថៃ បាននិយាយថា រឿងដែលទទួលបានការកោតសរសើរនោះ មានឈុតឆាកដែលមិនសមស្របសម្រាប់ការទស្សនា។ តួអង្គនៅក្នុងរឿងនេះ បានបង្ហាញពីភាពឃោរឃៅ ដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ ១៨+ សម្រាប់ការទស្សនា។

អ្នកនាំពាក្យដដែលបន្តថា អ្នកទស្សនារួមទាំងក្មេងៗ បានវក់នឹងរឿងនេះ ដោយពួកគេចំណាយពេលជាច្រើននៅក្នុងផ្ទះ ក្នុងអំឡុងពេលបិទខ្ទប់ដោយសារវិបត្តិកូវីដ១៩។ លោកបន្តថា វាបង្ហាញពីឈុតឆាកនៃអំពើហឹង្សា រួមទាំងឃាតកម្ម ដែលអាចនាំឱ្យអ្នកមើលចូលរួមប្រព្រឹត្តទង្វើទាំងនេះ នៅក្នុងជីវិតពិត។

លោកក៏បានផ្តល់ដំបូន្មានដល់ឪពុកម្តាយ ឱ្យតាមដានសកម្មភាពរបស់កូនៗ តាមអ៊ីនធឺណិត ដោយមិនគួរឱ្យពួកគេមើលភាពយន្តតាមអ៊ីនធឺណិតតែម្នាក់ឯងទេ ព្រោះពួកគេងាយនឹងចម្លងអាកប្បកិរិយារបស់តួអង្គ។

លោកបានបន្ថែមថា អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សូវ៉ាត់ ចាងយុទ្ធសុក (Suwat Jangyodsuk) បានណែនាំដល់អង្គភាពនគរបាលទាំងអស់ ត្រូវព្រមានសាធារណជនអំពីគ្រោះថ្នាក់នៃការមើលវីដេអូនានាតាមអ៊ីនធឺណិតដែលមិនទាន់ត្រូវបានពិនិត្យដោយក្រសួងពាក់ព័ន្ធ។

រឿង Squid Game ដែលនិពន្ធនិងដឹកនាំដោយលោក Hwang Dong- Hyuk ត្រូវបានដាក់ឱ្យទស្សនានៅទូទាំងពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា។ វាបង្ហាញពីរឿងរ៉ាវរបស់មនុស្សដែលបរាជ័យក្នុងជីវិត ដោយទទួលបានការអញ្ជើញដ៏អាថ៌កំបាំងមួយ ដើម្បីលេងហ្គេមឈ្នះប្រាក់រង្វាន់ ៣៨ លានដុល្លារ។ តួអង្គក្នុងរឿង បានលេងហ្គេមរបស់ក្មេងៗនៅកូរ៉េខាងត្បូងអំឡុងទសវត្សរ៍១៩៨០ ហើយតួអង្គដែលចាញ់ នឹងត្រូវពិន័យយ៉ាងធ្ងន់ធ្ងរពោលគឺត្រូវស្លាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង