×

ផ្ទុះ​ការចាប់អារម្មណ៍​វប្បធម៌កម្ពុជា​នៅ​ទីក្រុងឌុយបៃ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​២០២០

ឌុយបៃ៖ ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម បានឈានចូលដល់សប្តាហ៍ទី២ហើយ ក្រោយពីបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានចាត់ចែង និងរៀបចំតុបតែងពន្លាជាតិកម្ពុជាមួយទំហំ ៣៨៤.៥ ម២ កម្ពស់ ២ជាន់ ចូលរួមក្នុងពិព័រណ៍ពិភពលោកនេះ។

តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសយកប្រធានបទរង “និរន្តរភាព (Sustainability)” ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីតតាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រវាងសម័យកាលសំខាន់ៗចំនួន ៤ គឺ៖ សម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក (ឬសម័យឧត្តុង្គ) និងសម័យចតុមុខ (ភ្នំពេញបច្ចុប្បន្ន)។

គួររំឭកថា ពន្លាជាតិកម្ពុជា ស្ថិតក្នុងចំណោមពន្លាជាតិជាង ៣០ប្រទេស ត្រូវបានគណៈកម្មការពិព័រណ៍ពិភពលោកជ្រើសរើសដាក់ឱ្យដំណើរការបើកសាកល្បងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ មកទល់ពេលនេះ ពន្លាជាតិកម្ពុជា មានអ្នកចូលទស្សនារាប់ពាន់នាក់ ហើយបានទទួលការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងបំផុតពីសំណាក់ភ្ញៀវអន្តរជាតិ ជាពិសេសប្រជាជនអារ៉ាប់តែម្តង។

ភ្ញៀវទស្សនា ត្រូវបានពន្យល់ឱ្យដឹងអំពីការកសាងទីក្រុងដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌កម្ពុជាដ៏រុងរឿងដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្រ្តក្នុងសម័យកាលនីមួយៗ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាមសម័យកាលនីមួយៗ ព្រមទាំងបង្ហាញអំពីការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជំរុញវិស័យវិនិយោគ និងទេសចរណ៍ផងដែរ។

ភ្ញៀវទស្សនាភាគច្រើន មានការភ្ញាក់ផ្អើល និងមានអារម្មណ៍ហាក់ដូចខ្លួនបានមកដល់ប្រទេសកម្ពុជា ដែនដីសុវណ្ណភូមិមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដ៏ចំណាស់ពិតៗអញ្ចឹង ព្រោះតែរូបភាពទាំងអស់ត្រូវបានតុបតែងរចនាឲ្យដូចជាក់ស្តែងពិតៗ ហើយរូបចម្លាក់ធ្ងន់ៗដូចជា ម៉ាកែតប្រាសាទអង្គរវត្ត ព្រះបាទជ័យវរ័្មនទី៧ ព្រហ្មមុខ៤ ចម្លាក់តោ ព្រះវិស្ណុ ព្រះសិវៈ ឆ្មាំប្រាសាទ ។ល។ ត្រូវបានដឹកមកពីកម្ពុជាផ្ទាល់ដើម្បីរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។

កន្លែងដែលទាក់ទាញភ្ញៀវទស្សនាឱ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺម៉ាកែតប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ ដែលភ្ញៀវទស្សនាបាននាំគ្នាថតរូប និងថតវីដេអូទុកជាអនុស្សាវរីយ៍គ្រប់ៗគ្នា។ ក្នុងនោះដែរ ក៏មានការចូលរួមគាំទ្រពីសំណាក់ប្រជាជនខ្មែរដែលរស់នៅទីក្រុងឌុយបៃ លោកឧកញ៉ា ឌួង ឆាយ ព្រមទាំងគណៈប្រតិភូចិន និងគណៈប្រតិភូសហភាពអារ៉ាប់រួម ដែលដឹកនាំដោយ ឯកឧត្តម ឬទ្ធី រស្មី ទីប្រឹក្សា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាផងដែរ។

សូមជម្រាបផងដែរថា ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម មានរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ហើយ មានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២។ តាមការគ្រោងទុក កម្ពុជា នឹងរៀបចំប្រារព្ធ ទិវាជាតិកម្ពុជា (Cambodia National Day) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ នឹងមានរៀបចំការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណីខ្មែរ ការបង្ហាញម្ហូបអាហារខ្មែរ ពិធីដង្ហែរក្បូនព្យុហយាត្រា ។ល។ ក្នុងគោលបំណងផ្សព្វផ្សាយនិងលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែល្បីរន្ទឺថែមទៀតនៅលើឆាកអន្តរជាតិ៕

   

ប្រភព៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង