×

ដើម្បី​សុខភាពល្អ និង​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្រកាសបើកផ្លូវការនូវកម្មវិធីសប្បុរសធម៌របស់ខ្លួន ដើម្បីបរិច្ចាគថវិកាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាដែលផ្តល់ការព្យាបាលដល់កុមារកម្ពុជាដោយពុំគិតថ្លៃ។ ៨០ ភាគរយ នៃអ្នកជំងឺនៃមន្ទីរពេទ្យកុមារមួយនេះ មកពីគ្រួសារដែលមានប្រាក់ចំណូលតិចជាង ១ ដុល្លារក្នុងមួយថ្ងៃ។

យុទ្ធនាការ “រត់ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា” គឺជាកិច្ចសហការរវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងក្រុមរត់ខេខេអស៊ី ដោយមានការចូលរួមសហការឧបត្ថមដោយ ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារវីង និង ក្រុមហ៊ុនស្បែកជើង Skechers ។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ទី៣១ ខែតុលា ឆ្នាំ២០២១ ដោយកំណត់ថា រាល់១ គីឡូម៉ែត្រ ដែលអ្នកចូលរួមបានរត់ឬដើរ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងបរិច្ចាគទឹកប្រាក់ ១០០០ រៀល (០.២៥ដុល្លារ) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីដ៏សំខាន់មួយនេះ គឺសម្រាប់មនុស្សគ្រប់វ័យទាំងអស់ចូលរួម។

លោក Sanjay Chakrabarty អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្តែងយោបល់ថា៖ “ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការទទួលខុសត្រូវខ្ពស់ ការគាំទ្រដល់កិច្ចការសហគមន៍ គឺជាចំណុចស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់យើង។ សំខាន់ជាងនេះទៅទៀត យើងចង់ផ្សព្វផ្សាយ អំពីសារសំខាន់នៃការហាត់ប្រាណជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនានាដែលកើតមានក្នុងជីវភាពប្រចាំថ្ងៃ។ កម្មវិធី “រត់ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា” នឹងចូលរួមជួយលើកកម្ពស់ការថែទាំសុខភាពផង និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចការដ៏មានសារសំខាន់ចំពោះប្រទេសកម្ពុជា តាមរយៈថវិកាដែលប្រមូលបាន”។

លោក នេត ពិសិដ្ឋ នាយកប្រតិបត្ដិសេវាហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ដែរថា៖ “យើងពិតជារីករាយណាស់ដែលអាចចូលរួមគាំទ្រគំនិតផ្តួចផ្តើមសប្បុរសធម៌នេះ ហើយយើងនឹងទន្ទឹងរង់ចាំការចូលរួមពីបុគ្គលិក និងអតិថិជនរបស់យើងផងដែរ”។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង (ខេមបូឌា) ម.ក មានប្រសាសន៍ថា៖ “ធនាគារវីងមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដ៏រំភើបមួយនេះ ដែលនឹងជួយគាំទ្រដល់តម្រូវការហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរពេទ្យគន្ធបុប្ផា បានផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារដែលត្រូវការជួយសង្រ្គោះបំផុត និងដោយគ្មានការរើសអើងនោះឡើយ។ នៅពេលដែលលោកអ្នករត់ជាមួយកម្មវិធីរបស់ក្រុមហ៊ុនព្រូដិនសលដែលគាំទ្រដោយធនាគារវីង និងស្ថាប័នដទៃទៀត នោះលោកអ្នកក៏បានកំពុងរួមចំណែកដល់ប្រតិបត្តិការដ៏សំខាន់របស់មន្ទីរពេទ្យគន្ធបុប្ផា”។

“នៅក្រុមរត់ KKRC យើងតែងតែលើកកម្ពស់សុខភាព និងកាយសម្បទាសម្រាប់ខ្លួនឯងតាមរយៈកីឡា។ ពួកយើងរីករាយក្នុងការសហការជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជាលើគំនិតផ្តួចផ្តើមនេះ ព្រោះវាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នករត់ឬដើរទេ តែថែមទាំងបានជួយដល់សង្គមកម្ពុជាទៀតផង។ កុំចាំដល់អ្នកឈឺ ទើបចាប់ផ្តើមហាត់ប្រាណ”។ នេះជាប្រសាសន៍របស់លោក គីម កុក ប្រធានក្រុមរត់ KKRC។

ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវចុះឈ្មោះតាមរយៈកម្មវិធី Strava.Com ដែលមានក្លិបឈ្មោះថា រត់ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា (Run-Walk with Prudential) ចាប់ ពីថ្ងៃទី១ ដល់ ៣១ ខែតុលា ឆ្នាំ២០២១។ អ្នកអាចចូលរួមក្លិបនេះបាន តាមរយៈតំណភ្ជាប់នេះ https://bit.ly/3zQv7ms

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង