×

ផ្លូវជនបទ​៤៨ខ្សែ ប្រវែង ៤៣៧គីឡូម៉ែត្រ នៅ​ខេត្តបន្ទាយមានជ័យ កំពុង​រងផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ក្នុងឆ្នាំ២០២១

បន្ទាយមានជ័យ៖ ផ្លូវជនបទដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២១ មានចំនួន ៤៨ខ្សែ ដែលមានប្រវែង ៤៣៧.០០០ ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍ពីប្រតិភូ ដែលបានចុះមកពិនិត្យមើលនៅស្រុកភ្នំស្រុក ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ មាន ៩ស្រុក/ក្រុង ហើយមាន៦ស្រុក/ក្រុងដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងមាន២ស្រុក/ក្រុង រងគ្រោះធ្ងន់ធ្ងរ មានស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។ ចំពោះផ្លូវជនបទដែលរងផលប៉ះពាល់ដោយទឹកជំនន់ឆ្នាំ២០២១ មានចំនួន ៤៨ខ្សែ ដែលមានប្រវែង ៤៣៧.០០០ម៉ែត្រ មានទឹកលិចប្រវែង ១១៧.៩៤០ម៉ែត្រ ទឹកហូរច្រោះផ្លូវប្រវែង ៦៦.១១០ម៉ែត្រ ទឹកហូរដាច់ផ្លូវមិនអាចធ្វើដំណើរបានចំនួន ១៦ខ្សែ ដែលមានប្រវែង ១.៩៥០ ម៉ែត្រ បាក់សំណង់លូគ្រប់ប្រភេទចំនួនណចំនួន ៣កន្លែង។ បើប្រៀបធៀបឆ្នាំ២០២០ ផ្លូវដែលប៉ះពាល់ដោយទឹកជំនន់មានចំនួន ៦៨ខ្សែ ដែលមានប្រវែង ៧៦៤.០០០ម៉ែត្រ។

ជាមួយគ្នានេះ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ រងគ្រោះដោយទឹកជំនន់រយៈពេល២ឆ្នាំជាប់គ្នា បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ហើយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងលេខាធិការដ្ឋានគ្រោះមហន្តរាយ បានចុះពិនិត្យមើលស្ថានភាពជាស្តែងនៃការប៉ះពាល់ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់ ដូចជាទឹកហូរច្រោះដាច់ផ្លូវ និងសំណង់លូ ពិនិត្យជាក់ស្តែង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងជំនាញ ដើម្បីធ្វើការជួសជុលកសាងឡើងវិញ ឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលបានងាយស្រួល៕

     

ដោយ៖ ប៊ុន ចាន់ថន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង