×

លោក ប្រាយុទ្ធ ចាន់អូចា៖ ប្រទេសថៃ នឹង​បើកដំណើរការ​ឡើងវិញ​សម្រាប់​អ្នកដំណើរ​ដែល​ចាក់វ៉ាក់សាំងរួច មកពី​១០ប្រទេស ចាប់ពី​ថ្ងៃទី១​ខែវិច្ឆិកា

ថៃ៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍នៅយប់ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ មកពីប្រទេសចំនួន ១០ អាចធ្វើដំណើរចូលទៅកាន់ប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាខាងមុខតទៅ។

លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសពីជំហានសំខាន់ៗ ដើម្បីដកចេញនូវរនាំងធ្វើដំណើរ ដែលបានដាក់អស់រយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រីថៃ បានបង្ហើបឈ្មោះប្រទេសតែ៥ប៉ុណ្ណោះ ក្នុងចំណោមប្រទេសទាំង ១០ ដែលនឹងត្រូវអនុញ្ញាតឱ្យមានការធ្វើដំណើរ ក្នុងនោះរួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សិង្ហបុរី ចិន និងអាល្លឺម៉ង់។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោកប្រាយុទ្ធ ចាន់អូចា ក៏បានលើកយកប្រធានបទក្តៅមួយទៀត គឺ គ្រឿងស្រវឹង ដោយលោកបាននិយាយថា ភោជនីយដ្ឋាន បារ និងកន្លែងកម្សាន្តទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការ និងលក់គ្រឿងស្រវឹងចាប់ពីថ្ងៃទី១ ខែធ្នូ ផងដែរ។

កាលពី ៤ ខែមុន ពេលដែលវិបត្តិសេដ្ឋកិច្ចនៅប្រទេសថៃ កាន់តែស៊ីជម្រៅ លោកនាយករដ្ឋមន្ត្រីថៃ បានប្រកាសថា ប្រទេសថៃនឹងត្រូវរៀនពីរបៀបរស់នៅជាមួយមេរោគកូវីដ១៩ ដើម្បីអាចបើកដំណើរការឡើងវិញនៅពាក់កណ្តាលខែតុលានេះ។

បន្ទាប់ពីតួលេខអ្នកឆ្លងកូវីដ១៩ បានឡើងចំណុចកំពូលកាលពីពាក់កណ្តាលខែសីហា វាបានធ្លាក់ចុះជាលំដាប់ដល់ប្រហែល ១០.០០០ ករណីថ្មីក្នុងមួយថ្ងៃ ប៉ុន្តែនៅតែខ្ពស់ជាងតួលេខនៅមុនខែកក្កដា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង