×

ព្យុះ Kompasu វាយប្រហារ​ហ្វីលីពីន បណ្តាល​ឱ្យមនុស្ស​៩នាក់ស្លា ប់ និង​១១នាក់​កំពុងបាត់ខ្លួន

ម៉ានីល៖ អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោច៩នាក់បានបាត់បង់ជីវិត និង១១នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសហ្វីលីពីន បានជន់លិចភូមិជាច្រើន និងបង្កការរអិលបាក់ដី។

ព្យុះត្រូពិកដ៏ខ្លាំងក្លាឈ្មោះថា កុំប៉ាស៊ូ (Kompasu) បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងផ្នែកជាច្រើននៃកោះ លូហ្សុន (Luzon) របស់ហ្វីលីពីន កាលពីថ្ងៃចន្ទ ខណៈដែលវាបានបោកបក់កាត់ប្រទេសនេះឆ្ពោះទៅសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា មនុស្ស៤នាក់បានបាត់បង់ជីវិត ដោយសារការរអិលបាក់ដីនៅក្នុងខេត្ត បេនហ្គេត (Benguet) ដែលជាតំបន់ភ្នំ និងម្នាក់ទៀតបានលង់ទឹកស្លាប់នៅក្នុងខេត្ត ខាហ្គាយ៉ាន (Cagayan) ។

ជាមួយគ្នានោះ មនុស្សចំនួន៧នាក់កំពុងបាត់ខ្លួននៅលើកោះ លូហ្សុន (Luzon)។

មន្ត្រីខេត្តខាហ្គាយ៉ាន (Cagayan) បាននិយាយថា ផ្លូវហាយវេ និងស្ពានជាច្រើនកន្លែងត្រូវបានជន់លិច ប៉ុន្តែទឹកបានស្រកវិញហើយនៅព្រឹកថ្ងៃអង្គារនេះ។

ព្យុះនេះ ក៏បានបង្កឱ្យមានជំនន់ទឹកភ្លៀងនៅភូមិមួយក្នុងខេត្តប៉ាឡាវ៉ាន់ (Palawan) ផងដែរ ដោយបណ្តាលឱ្យមនុស្ស៤នាក់បាត់បង់ជីវិត និង៤នាក់ទៀតកំពុងបាត់ខ្លួន។

សូមបញ្ជាក់ថា ប្រទេសហ្វីលីពីន បានរងការវាយប្រហារដោយព្យុះជាមធ្យម២០ព្យុះ ក្នុងមួយឆ្នាំដែលបានបំផ្លាញដំណាំ, ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ដែលក្រីក្ររួចទៅហើយនោះ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង