ភ្នំពេញ៖ តាំងពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ អាជ្ញាធរខណ្ឌទួលគោក បានជូនដំណឹងដល់បងប្អូនអាជីករលក់គ្រឿងសមុទ្រ តាមបណ្តោយផ្លូវ៥៩៨ មិនឱ្យដាក់តាំង ឬលក់លើចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ពិសេសធ្វើឱ្យកក់ស្ទះចរាចរណ៍ នៅពេលរសៀល និងប៉ះពាល់បរិស្ថាន និងមានក្លិនស្អុយនៅពេលយប់។
រហូតដល់ព្រឹកថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងប្រជាការពារខណ្ឌទួលគោក បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ និងលុបបំបាត់កន្លែងទម្លាក់ និងលក់គ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវ៥៩៨ ជាប់របងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អភិបាលខណ្ឌទួលគោក លោក ជា ពិសី ដែលទើបមកកាន់តំណែងថ្មីៗ បានឱ្យដឹងថា រដ្ឋបាលខណ្ឌទួលគោក កំពុងរៀបចំចាត់វិធានការរដ្ឋបាលចំពោះសណ្ដាប់ធ្នាប់ ដោយមិនបណ្ដែតបណ្ដោយឱ្យអាជីវកលក់ដូរ ដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៀតឡើយ។ រាល់ថ្ងៃកម្លាំងសណ្ដាប់ធ្នាប់ កំពុងចុះរៀបចំនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ហើយរដ្ឋបាលខណ្ឌ កំពុងចែកនូវសេចក្ដីជូនដំណឹងដល់អាជីវកទូទាំងខណ្ឌ។
លោកបន្តថា ចំពោះបញ្ហាសណ្ដាប់ធ្នាប់នៅផ្លូវលេខ២៣០ ត្រង់ចំណុចទល់មុខផ្សារនាគមាស ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ វិញ ឃើញថា មានការកកស្ទះ ដូច្នេះលោកនឹងអនុវត្តវិធានការរដ្ឋបាល ពេលដែលរដ្ឋបាលខណ្ឌចែកសេចក្ដីជូនដំណឹងរួច ដើម្បីចុះរៀបចំរំដោះចិញ្ជើមផ្លូវកាត់បន្ថយការកកស្ទះនេះ៕