×

លោកស្រី ឱ វណ្ណឌីន៖ ការមិនព្រម​ទទួល​យក​វ៉ាក់សាំង​ការពារ​វីរុសកូវីដ១៩ ស្មើនឹង​ការទទួលយក​ភាពធ្ងន់ធ្ងរ នៃ​ការវ៉ៃលុក​ពីវីរុសនេះ នឹងឈានទៅ​រក​ការបាត់បង់​ជីវិត

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការមិនព្រមទទួលយកវ៉ាក់សាំងការពារវីរុសកូវីដ១៩ ស្មើនឹងការទទួលយកភាពធ្ងន់ធ្ងរ នៃការវ៉ៃលុកពីវីរុសនេះ នឹងឈានទៅរកការបាត់បង់ជីវិត ប៉ុន្តែក្រុមនេះគឺមានចំនួនតិចតួចប៉ុណ្ណោះ ។

លោកស្រីបានបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ចើញជាអធិបតី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ស្ពឺ នៅក្រុងច្បារមន កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

លោកស្រីបានបញ្ជាក់បន្ថែមថា៖ “យោងតាមការស្រាវជ្រាវ និងសង្កេតយ៉ាងម៉ត់ចត់ របស់ក្រុមការងារ គ.វ.ក១៩ បានបង្ហាញថា ភាគច្រើននៃអ្នកដែលបានទទួលមរណភាពដោយវីរុសកូវីដ១៩ នោះ គឺជាបុគ្គល ឬក្រុមដែលមិនព្រមទទួលវ៉ាក់សាំង។ ហេតុដូច្នេះហើយការវ៉ៃលុករបស់វីរុស ក៏កាន់តែលឿនផងដែរ ព្រោះនៅក្នុងសរីរាង្គពុំមានអ្វីការពារទាល់តែសោះ”។

ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ឬមិនព្រមចាក់ ត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងឱ្យបានលឿន ដោយលោកជំទាវបានសង្កត់ធ្ងន់ថា៖ “នៅពេលដែលគ្រប់គ្នាចាក់អស់ នៅសល់តែយើងប៉ុន្មាននាក់នេះ មានន័យថា បើមានករណីឆ្លងវិញ វីរុសគឺប្រាកដជារត់ទៅរកអ្នកមិនទាន់បានចាក់វ៉ាក់សាំងមុនហើយៗ នឹងប្រឈមនូវភាពធ្ងន់ធ្ងរនៃសុខភាព និងប្រឈមនឹងការស្លាប់ខ្ពស់”។

ក្នុងឱកាសនោះ លោកស្រី បានបញ្ជាក់បន្ថែមផងដែរថា មានកត្តាជាច្រើនដែលធ្វើឱ្យប្រជាពលរដ្ឋ ឬក្រុមមួយចំនួនតូច មិនបានចាក់វ៉ាក់សាំង ដោយសារកត្តាចល័តរបស់បុគ្គល មានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូនដោយទឹកដោះ។ល។ ដោយលោកស្រី បានបញ្ជាក់ជាថ្មីថា ស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលកំពុងបំបៅកូនដោយទឹកដោះ គឺនៅតែអាចទទួលយកការចាក់វ៉ាក់សាំងបាន ដើម្បីការពារសុខភាពរបស់មាតា និងទារក ពីការវិវត្តទៅរកភាពធ្ងន់ធ្ងរដោយសារវីរុសកូវីដ១៩។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ជាពិសេសក្រុមដែលដាច់ខាតមិនទទួលការចាក់វ៉ាក់សាំង ព្រោះតែការរើងអើងវ៉ាក់សាំង ឬស្តាប់តាមការញុះញង់របស់ក្រុមអគតិ ត្រូវគិតអំពីផលប្រយោជន៍សុខភាពខ្លួន និងក្រុមគ្រួសារខ្លួន ក៏ដូចជាសង្គមជាតិរបស់ខ្លួន ព្រោះថា វ៉ាក់សាំងគឺពិតជាអាចការពារយើងទាំងអស់គ្នាពីសេចក្តីស្លាប់ដោយវីរុសកូវីដ១៩ ហើយគ្រប់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក គឺសុទ្ធសឹងតែមានប្រសិទ្ធភាពទាំងអស់ មិនថាវ៉ាក់សាំងរបស់ប្រទេសណានោះទេ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ការងារចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស សម្រេចបាន ៨៤,៤៤% នៃប្រជាជនសរុប ១៦លាននាក់។ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ បានចំនួន ៩.៩២៣.៥១៧ នាក់ និងអ្នកចាក់ដូសទី២ ចំនួន ៩.៥៤៤.៨០៥ នាក់ ដែលស្មើនឹង ៩៩.២៤% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ដោយឡែក សម្រាប់អ្នកចាក់ដូសទី៣វិញ បានចំនួន ៩៨១.០៣១ នាក់។

សម្រាប់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកចាក់ដូសទី១ បានចំនួន ១ ៧៦៨.២៩២ នាក់ និងអ្នកចាក់ដូសទី២ បានចំនួន ១.៦៤៨.២៨៨ នាក់ ស្មើនឹង ៨៩,៩០% នៃក្រុមគោលដៅសរុបជិត ០២លាននាក់។ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ បានចំនួន ១.៨១៨.៤៧៦ នាក់ និងអ្នកចាក់ដូសទី២ បានចំនួន ៥៣១.២៦៨ នាក់ ដែលស្មើនឹង ៩៥,៨៤% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់៕


ប្រភព៖ AKP

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង