×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ទំនប់វារី​អគ្គិសនី​កំចាយ បើកទ្វារ​រំដោះទឹក​តែមួយប៉ុណ្ណោះ បន្ទាប់ពី​ចរន្តទឹកហូរ​ចូល​អាងស្តុក​ហក់ឡើងខ្ពស់

ភ្នំពេញ៖ មន្ត្រីជំនាញ និងក្រុមហ៊ុនស៊ីណូហាយដ្រូ កំចាយ ខេត្តកំពត បានឱ្យដឹងថា មកដល់ពេលនេះ វារីអក្គិសនីកំចាយ នៅតែបន្តបើកទ្វារទឹកមួយដដែល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីធ្វើការរំដោះទឹកចេញ ដោយសារកម្ពស់ទឹកនៅក្នុងអាងស្តុកមិនទាន់ដល់កម្រិតត្រូវបើកក៏ពិតមែន។ ទោះជាយ៉ាងនេះក៏ដោយ បានសង្កេតឃើញចរន្តលំហូរទឹកចូលអាងស្តុកពីតំបន់ខាងលើនៃជួរភ្នំកំចាយ មានការហក់ឡើងជាងម្សិលមិញ។

លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត បានឱ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ទឹកជំនន់ និងបញ្ចៀសផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជីករលក់ដូរ និងផ្តល់សេវាទេសចរណ៍នៅតំបន់អមតាមបណ្តោយមាត់ព្រែកកំចាយ និងព្រែកកំពត ដែលជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ដ៏សំខាន់នោះ មន្ត្រីជំនាញ និងក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានសម្រេចបើកទ្វាររំដោះទឹកចំនួនមួយ ដែលមានកម្ពស់ ២ម៉ែត្រ ចេញពីអាងស្តុកទឹក តាមលក្ខណៈបច្ចេកទេស នៅថ្ងៃទី១១ ខែតុលា វេលាម៉ោង ១១ព្រឹក។

មកដល់ពេលនេះទ្វាររំដោះទឹកនៅតែបន្តបើកមួយដដែល ដោយសារថ្ងៃនេះ ចរន្តលំហូរទឹកចូលអាងស្តុកនៅមានការកើនឡើងបន្តិច ប្រមាណ ៣៦០ម៉ែត្រគូប ក្នុងមួយវិនាទី ខណៈដែលការបើកទ្វារទឹកចំនួន ១កម្ពស់២ម៉ែត្រនោះ អាចបង្ហូរទឹកចេញបានប្រមាណ ២៧៣ម៉ែត្រគូប ក្នុងមួយវិនាទី។ កម្ពស់ទឹកអាងស្តុកថ្ងៃនេះ ស្មើនឹង ១៤៨,៥០ម៉ែត្រ ហើយក្រុមហ៊ុនបន្តផលិតថាមពលអគ្គិសនីបាន ១៧៨មេហ្គាវ៉ាត់។

តំណាងក្រុមហ៊ុនស៊ីណូហាយដ្រូ កំចាយ បានឱ្យដឹងដែរថា ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកក្នុងអាង ស្ថិតនៅក្នុងកម្រិតមួយធម្មតានៅឡើយទេ។ ជាធម្មតាកម្ពស់ទឹកក្នុងអាងស្តុកចាប់ពី ១៤៩ឡើង ទើបក្រុមហ៊ុនចាប់ផ្តើមបើកទ្វារបង្ហូរទឹក ប៉ុន្តែដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ទឹកជំនន់ និងបញ្ចៀសផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជីវកររស់នៅ និងប្រកបរបរលក់ដូរ និងផ្តល់សេវាទេសចរណ៍សងខាងបណ្តោយព្រែកកំចាយ រហូតដល់ព្រែកកំពត ទើបក្រុមហ៊ុនបានសម្រេចចិត្តបើកទ្វាររំដោះទឹកមុនដល់កម្រិតកម្ពស់ទឹកត្រូវបើក។

ការបើកទ្វាររំដោះទឹក១នេះ ស្ថិតក្នុងកម្រិតធម្មតា នឹងមិនបង្កឱ្យមានផលប៉ះពាល់អ្វីនោះទេ។ មកដល់ពេលនេះក្រុមហ៊ុននៅតែបន្តបើកទ្វាររំដោះទឹក ដោយសារតំបន់ខាងលើនៃជួរភ្នំកំចាយ នៅមានភ្លៀងធ្លាក់ ធ្វើឱ្យលំហូរទឹកចូលអាងស្តុកកើនឡើង។ ម្យ៉ាងទៀតដោយសារប៉ុន្មានថ្ងៃខាងមុខនេះ ខេត្តកំពតក៏ដូចជាប្រទេសកម្ពុជាអាចនឹងទទួលរងឥទ្ធិពលកូនព្យុះមួយបន្ថែមទៀត ក្នុងសប្តាហ៍នេះ៕

អត្ថបទ៖ វង្ស សុធារម្យ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង