×

សល់ជាង​២ខែទៀត ម្ចាស់រថយន្ត​អត់ពន្ធ​ត្រូវទៅបង់ ទាន់គយ​កំពុង​បន្ធូរបន្ថយ​ពន្ធនិងអាករ រហូតដល់១០%

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករជាបន្តបន្ទាប់ នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត។ ដោយឡែកម្ចាស់រថយន្តចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធ ក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួនប្រាក់ពន្ធអាករ និងយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងផងដែរ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអំពាវនាវនិងលើកទឹកចិត្តដល់ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។ ចំណែក ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ រួសរាន់ចូលមកតម្កល់ប្រាក់ពន្ធនិងអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។ រថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងត្រូវបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធ នឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង