ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីដ-១៩ រួច ត្រូវថែរក្សាកាតឱ្យបានល្អ កុំឱ្យបាត់ គឺត្រូវទុកដាក់ឱ្យដូចជាថែរក្សាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។ ប៉ុន្តែ បើសិនមានការបាត់បង់ ត្រូវទៅសួរនាំកន្លែងដែលបានទៅចាក់វ៉ាក់សាំង ដើម្បីឱ្យគេពិនិត្យមើលឈ្មោះថា មាននៅក្នុងប្រព័ន្ធឬទេ បើមាន គេនឹងចេញលិខិតបញ្ជាក់ឱ្យ បន្ទាប់ពីបានចាក់ដូសជម្រុញជាដូសទី៣រួច គេនឹងចេញកាតចាក់វ៉ាក់សាំងឱ្យជាថ្មីនៅពេលនោះ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១នេះ ។
ជាមួយគ្នានេះ លោកស្រីបន្តថា លោកស្រីបានទទួលព័ត៌មានមកថា មានប្រជាពលរដ្ឋបាត់កាតពិតប្រាកដ ប៉ុន្តែមានអ្នកមួយចំនួនទៀតគាត់មិនបាត់ទេ តែគាត់ចង់បានកាតថ្មី ដូច្នេះគាត់ប្រាប់ថាបាត់កាត។ ត្រង់នេះគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេស ក៏គិតនឹងតម្រូវឱ្យពិនិត្យឱ្យបានច្បាស់លាស់ ហើយជាពិសេសកុំឱ្យអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងទាល់តែសោះនោះ យកលេសថា គាត់បាត់កាត ។ លោកស្រីរដ្ឋលេខាធិការថា វាមិនជាបញ្ហានោះទេ ក្នុងការចេញកាតជូនអ្នកដែលបាត់ ប៉ុន្តែត្រូវធ្វើការឱ្យបានច្បាស់លាស់តែប៉ុណ្ណោះ ព្រោះកាតចេញជូនមិនគិតថ្លៃទេ តែរដ្ឋជាអ្នកបង់ថ្លៃគ្រប់យ៉ាងជូន ព្រោះទាំងអស់នេះ បានមកដោយសាររដ្ឋជាអ្នកទិញ មិនមែនមិនចំណាយនោះទេ ដូច្នេះប្រជាពលរដ្ឋ ត្រូវជួយថែរក្សាកុំធ្វេសប្រហែសឱ្យសោះ ដោយអាងថាធ្វើបាត់ អាចធ្វើបានទៀត។
សូមបញ្ជាក់ថា សព្វថ្ងៃ នៅទីផ្សាររដ្ឋ និងផ្សារទំនើបក្នុងរាជធានីភ្នំពេញ មួយចំនួន មុននឹងអនុញ្ញាតឱ្យអាជីវករឬអតិថិជនចូលទៅក្នុងផ្សារ ត្រូវធ្វើការពិនិត្យរកមើលថា តើមានកាតចាក់វ៉ាក់សាំងកូវីដ-១៩ដែរឬអត់៕
ដោយ ៖ គង់ វណ្ណៈ