សិង្ហបុរី៖ ជនជាតិសិង្ហបុរីដែលមិនបានទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលផ្សារទំនើប ឬទទួលទានអាហារនៅមជ្ឈមណ្ឌលលក់ដូរ និងហាងកាហ្វេ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះតទៅ។
ការលើកលែងត្រូវបានផ្តល់ជូនដល់តែអ្នកដែលកំពុងស្វែងរកសេវាថែទាំសុខភាព និងកុមារអាយុក្រោម ១២ឆ្នាំ ឬបុគ្គលដែលមិនបានចាក់វ៉ាក់សាំងដែលបានជាសះស្បើយពីកូវីដ១៩ប៉ុណ្ណោះ។ ចាប់ពីថ្ងៃទី ២០ ខែតុលា អ្នកល្មើសនឹងបទបញ្ជានេះ ប្រឈមនឹងការផាកពិន័យ។
មនុស្សជិត ៦.០០០ នាក់ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើញត្តិ តាមអ៊ីនធឺណិតទៅកាន់វេបសាយ Change.org ទាមទារឱ្យរដ្ឋាភិបាលសិង្ហបុរី លុបចោលការរឹតត្បិត ដែលពួកគេបាននិយាយថា ពួកគេត្រូវបានគេបដិសេធ ការចូលទិញទំនិញ និងការទទួលសេវាកម្មសំខាន់ៗ។
សិង្ហបុរី បានចាក់ថ្នាំបង្ការកូវីដ១៩ជាង ៨០% នៃប្រជាជនរបស់ខ្លួន ប៉ុន្តែប្រទេសនេះ បានប្រឈមនឹងរលកនៃការឆ្លងមេរោគកូវីដ១៩ ដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីវិធានការសុខាភិបាល ត្រូវបានបន្ធូរបន្ថយ ខណៈដែលមន្ទីរពេទ្យក្នុងស្រុក បាននិងកំពុងជួបនូវកំណើននៃអ្នកជំងឺកូវីដ១៩បន្ថែមទៀត។
ភាគច្រើននៃអ្នកដែលឆ្លងថ្មីនេះ មានរោគសញ្ញាស្រាលប៉ុណ្ណោះ ខណៈដែលចំនួនអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬនៅលើបំពង់អុកស៊ីសែន ភាគច្រើនជាមនុស្សចាស់។ ការស្លាប់ថ្មីមួយជារៀងរាល់ថ្ងៃ ភាគច្រើនជាមនុស្សចាស់ ដែលភាគច្រើនមិនបានចាក់វ៉ាក់សាំងការពារ។
គិតត្រឹមថ្ងៃទី១២ ខែតុលា ប្រទេសសិង្ហបុរី រកឃើញករណីឆ្លងកូវីដ១៩សរុប ១៣២.២០៥ នាក់ ក្នុងនោះស្លាប់ ១៨៣នាក់ និងអ្នកជំងឺជាសះស្បើយ ១០៤.៨៥៦ នាក់៕