×

កម្មករ​រងរបួស ដោយសារ​អគារភ្លោះ​កម្ពស់​៨ជាន់ និង៦ជាន់​បានដួលរលំ នៅថៃ

ថៃ៖ កម្មករពីរនាក់ បានរងរបួសនៅពេលអគារផ្ទះល្វែងភ្លោះ ដែលពួកគេកំពុងវាយកម្ទេច បានដួលរលំនៅក្នុងស្រុក Muang ខេត្តនុនថៈបូរី កាលពីរសៀលថ្ងៃអង្គារម្សិលមិញ។

ប៉ូលីសត្រូវបានទទួលការរាយការណ៍អំពីហេតុការណ៍នេះ នៅម៉ោងប្រហែល ២ និង ៣០ នាទីរសៀល។ អគារភ្លោះនេះ ត្រូវបានគេស្គាល់ថា ជាអគារ Wanpaka ដែលមានអគារកម្ពស់ ៨ជាន់ ភ្ជាប់នឹងអគារកម្ពស់ ៦ ជាន់ មានអាងហែលទឹក។

វាជាអគាររបស់ជនបរទេស ហើយក្រោយមកត្រូវបានគេបោះបង់ចោល។ ក្រោយមក ក្រុមហ៊ុន Interyota Ltd បានចុះកិច្ចសន្យា ដើម្បីរុះរើអគារនេះចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែធ្នូ។

ស្នងការនគរបាលខេត្តនុនថៈបូរី បាននិយាយថា ការងាររុះរើបានឈានដល់ការកម្ទេចគ្រឹះនៃអគារកាលពីថ្ងៃទី១ ខែតុលា ហើយកម្មករប្រហែល២០នាក់ កំពុងធ្វើការពេលអគារដួលរលំ។ យ៉ាងណាមិញ លោកបន្តថា កម្មករពីរនាក់បានរងរបួស ក្នុងនោះម្នាក់បានជាប់ក្នុងគំនរថ្មបាក់បែក។ កម្មករជាប់ក្នុងនោះ មានស្រុកកំណើតនៅខេត្តសុរិន្ទ។ ក្រុមជួយសង្គ្រោះ បានយកគាត់ចេញពីគំនរថ្មនៅម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច ថ្ងៃដដែល។ ប៉ូលីសកំពុងស៊ើបអង្កេតរកមូលហេតុនៃការដួលរលំនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង