×

FFC ប្រកាស​បង្កើត​ក្រុមហ៊ុន​លីគបាល់ទាត់​កម្ពុជា​លើកដំបូង ខណៈ CEO មានប្រវត្តិមិនធម្មតា

យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធ កីឡា បាល់ ទាត់ កម្ពុជា (FFC) បានប្រកាសអំពីការសម្រេចជាឯកច្ឆន្ទ ក្នុង ការ បង្កើត ក្រុមហ៊ុន លីគ បាល់ទាត់កម្ពុជាលើកដំបូង ដើម្បីជំរុញបន្ថែមនូវវឌ្ឍនភាព និងភាពភាពរីកចម្រើន នៃលីគអាជីពកម្ពុជា ឈានទៅមុខមួយកម្រិតទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ FFC បានធ្វើការតែងតាំងលោក សាតូស៊ី សៃតូ (Satoshi Saito) គឺជានាយកប្រតិបត្តិ(CEO) នៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាខាងលើ ដែលលោកគឺធ្លាប់មានប្រវត្តិជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិប FC Barcelona និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) ទៀតផង។

តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំ FFC បានឱ្យដឹងថា គំនិតផ្ដួចផ្ដើមដ៏សំខាន់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការធានានូវការអភិវឌ្ឍ និងភាពជោគជ័យសម្រាប់បាល់ទាត់កម្ពុជានៅថ្ងៃអនាគត រួមទាំងគោលដៅដែលបានកំណត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធ បានមានប្រសាសន៍ថា៖ “នេះគឺជាយុគសម័យថ្មីមួយនៃបាល់ទាត់កម្ពុជា ។ បើយើងសម្លឹងមើលប្រទេសដែលមានបាល់ទាត់ឈានមុខជុំវិញពិភពលោក ការមានលីគអាជីពប្រកបដោយគុណភាពខ្ពស់ នឹងរួមចំណែកដ៏ភាពជោគជ័យរបស់ក្រុមជម្រើសជាតិ និងពង្រឹងប្រព័ន្ធអេកូបាល់ទាត់ (Football Ecosystem) បានកាន់តែប្រសើរទៀតផង”។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា៖ “ខ្ញុំជឿជាក់ថា លោក សាតូស៊ី ដែលមានបទពិសោធច្រើនក្នុងការគ្រប់គ្រងកីឡាបាល់ទាត់ ជាបុគ្គលមួយរូបដែលសក្តិសមបំផុត ក្នុងការតម្រង់អនាគតរបស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដែលទើបបង្កើតថ្មីនេះ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធរបស់យើង ដើម្បីភាពជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យបាល់ទាត់កម្ពុជា”។

លោក សាតូស៊ី CEO នៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា បានលើកឡើងថា៖ “ខ្ញុំបានឃើញពីការផ្លាស់ប្ដូររបស់បាល់ទាត់កម្ពុជាក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ វាគឺជាកិត្តិយសដ៏ធំធេងរបស់ខ្ញុំ ដែលបានចូលរួមក្នុងដំណើរនេះ ដើម្បីនាំមកនូវភាពរុងរឿងដល់បាល់ទាត់កម្ពុជា។ ខ្ញុំសូមសម្ដែងនូវសេចក្ដីអរគុណយ៉ាងក្រៃលែង ចំពោះទំនុកចិត្ត និងភាពជឿជាក់ដ៏ធំធេងលើរូបខ្ញុំពីឯកឧត្តមប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក សាតូស៊ី បន្ដថា៖ “ដំណើរឆ្ពោះទៅមុខក្នុងស្ថានភាពជំងឺរាតត្បាតនេះ អាទិភាពរបស់ខ្ញុំ គឺការវាយតម្លៃឡើងវិញអំពីការរៀបចំលីគ ក្នុងនោះមានទាំងរចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រង និងសហការណ៍ជាមួយក្លិបជាសមាជិក ដើម្បីលើកកម្ពស់ និងពង្រឹងនៃប្រតិបត្តិការទូទៅ និងបង្កើនចំណងមិត្តភាពរបស់យើង ក្នុងកិច្ចទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាផ្លាស់ប្ដូរ និងអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជារបស់យើង ប្រកបដោយចីរភាព និងនិរន្ដរភាព”។

សូមបញ្ជាក់ថា លោក សាតូស៊ី ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបយក្សពិភពលោក FC Barcelona ហើយក៏ជាអនុប្រធាននៃការិយាល័យបេសកកម្មពិសេស នៅសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ក៏ដូចជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាទីផ្សារប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។ ថ្មីៗនេះ លោកក៏ទើបបានបង្កើតការិល័យតំណាងនៅប្រទេសជប៉ុន សម្រាប់ទីផ្សារ GMR ដែលជាទីភ្នាក់ងារកីឡា ដែលមានឯកទេសក្នុងសកម្មភាពឧបត្ថម្ភសម្រាប់កីឡាអូឡាំពិក នៅទីក្រុងតូក្យូផងដែរ៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង