×

រកឃើញបង្គា និង​បង្កងទឹកសាប មាន​ចាក់បញ្ចូល​ចាហួយ លក់នៅ​ផ្លូវត្រឡោកបែក ក្នុង​រាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរកឃើញ និងរឹបអូសបង្គា និងបង្កងទឹកសាប ដែលត្រូវបានចាក់ចាហួយ ដែលត្រូវបានលក់នៅលើទីផ្សារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ដោយមានការណែនាំពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រី ក.ប.ប. ប្រចាំសាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formaline លើគ្រឿងសមុទ្រទាំងនោះឡើយ តែបានរកឃើញថាបង្គា និងបង្កងទឹកសាបចំនួន ជាង ៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយ ដើម្បីកេងប្រវ័ញ្ច លើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ក្រោយពីបានត្រួតពិនិត្យឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង