×

ពិធីបុណ្យកឋិនទាន ក្នុងឆ្នាំនេះ ត្រូវបាន​ហាមឃាត់​ដង្ហែតាមផ្លូវ ឬជុំវិញ​ព្រះវិហារ ដោយ​គ្រាន់តែ​វេប្រគេន​ត្រៃចីវរ ជាកិច្ច​សម្រេចបុណ្យ

អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ ឯកសារ

ភ្នំពេញ ៖ ការប្រារព្ធពិធីបុណ្យកឋិនទាន នៅក្នុងឆ្នាំនេះ ត្រូវបានហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ ការដង្ហែតាមផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ។ នេះបើយោងតាមសេចក្តីណែនាំបន្ថែម ស្តីពីពិធីបុណ្យកឋិនទាន របស់ក្រសួងធម្មការ និងសាសនា ដែល CNC ទទួលបាននាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ។

សេចក្តីណែនាំដែលចុះហត្ថលេខា ដោយលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានោះ ក៏បានណែនាំឲ្យយកចិត្តទុកដាក់ បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកឋិនទាន ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ច នូវវិធានការ «៣ការពារ ៣កុំ» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្រសួងបានបញ្ជាក់ថា ការណែនាំនេះ គឺសំដៅកាត់ផ្ដាច់ និងក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស និងយោងទៅលើភាពចាំបាច់ ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅបើកដំណើរការ ប្រទេសពេញលេញឡើងវិញ។

សូមជម្រាបជូនថា សម្រាប់ឆ្នាំ២០២១នេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ១រោច ខែអស្សុជ ដល់ថ្ងៃសុក្រ ១៥កើត ខែកត្តិក ត្រូវថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។
ពិធីបុណ្យកឋិនទាន ជាការទានមួយដ៏ថ្លៃថ្លា ក្នុងព្រះពុទ្ធសាសនា មានផលានិសង្សខ្ពស់ ទាំងទាយក ទាយិកា និងបដិគ្គាហក ជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មានរយៈពេលកំណត់តែ ២៩ថ្ងៃ ដោយវត្តនីមួយៗទទួលអង្គកឋិន បានតែមួយលើកប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង