ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្រុមការងាររបស់ក្រសួងកំពុងពិភាក្សាពីការត្រៀមដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្មដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តជំនិះ ឬឆៀកជំនាន់ទី២ និងពិភាក្សាលើវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រង និងការអនុវត្តការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់ក្រុមការងារព័ត៌មានវិទ្យាក្នុងការចូលរួមចំណែកលើការធ្វើកំណែទម្រង់សេវាសាធារណៈ ឱ្យតែកាន់ប្រសើរឡើងប្រកបដោយប្រសិទ្ធភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋ។ ក្រុមការងារបច្ចេកវិទ្យារបស់នាយកដ្ឋាន បានត្រៀមខ្លួនជាស្រេចក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មីនេះ ឱ្យស្របតាមផែនការដែលបានគ្រោងទុក។
លោកក៏បានលើកឡើងអំពី បទពិសោធជាមេរៀន ចំពោះការផ្តល់សិទ្ធប្រទានទៅក្រុមហ៊ុនឯកជន ដើម្បីចូលរួមអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ដែលខ្វះការទទួលខុសត្រូវ បានបង្កជាផលលំបាក បញ្ហាស្មុគស្មាញដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងសន្តិសុខផ្ទៃក្នុងជាតិ ដែលត្រូវមានវិធានការ គ្រប់គ្រងទប់ស្តាក់ក្នុងពេលអនាគត៕