×

ទឹកស្ទឹង​នៅត្រង់​ចំណុច​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្នល់បត់ ខេត្តប៉ៃលិន កំពុង​កើនឡើង​គួរឱ្យ​បារម្ភ

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទឹកស្ទឹងកំពុងកើនឡើង បណ្តាលឱ្យទឹកហូរលើខ្នងទំនប់ ប្រវែងប្រមាណ ១០០ម៉ែត្រ និងបានជន់លិចចូលដីចម្ការទំនាបៗ នៅតាមមាត់ស្ទឹងមួយចំនួនតូចផងដែរ ។

ក្នុងការចុះពិនិត្យ ស្ថានភាព ទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា ត្រៀមកម្លាំង និងសម្ភា ទូក រថយន្ត ស្បៀង និង ទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនប្រជាពររដ្ឋ។

លោកស្រី អភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់នេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សា អនាម័យឱ្យបានត្រឹមត្រូវ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង