×

ក្រដាស​ប្រាក់ ៣ម៉ឺនរៀល ត្រូវបាន​ដាក់​ឱ្យ​ចរាចរ​ជាផ្លូវការ​ហើយ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ ៣០០០០ រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លក្ខណៈទូទៅរបស់ក្រដាសប្រាក់នេះ មានទំហំធនប័ត្រ បណ្ដោយ ១៧០ មម និង ទទឹង ៧៥មម មានពណ៌ ចម្បងគឺ ពណ៌បៃតង ពណ៌ត្នោត និងពណ៌ស្វាយ។

សម្រាប់ផ្ទៃខាងមុខ ផ្នែកកណ្ដាល ខាងស្ដាំ មានព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។ ផ្ទៃខាងស្ដាំ មានអក្សរ “ធនាគារជាតិនៃកម្ពុជា” ផ្នែកខាងឆ្វេងខាងលើ មានរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា និងលេខ 30000 ។

ចំណែកផ្នែកខាងខ្នង ផ្នែកកណ្ដាល មានព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង