ភ្នំពេញ៖ អ្នកដំណើរជាជនបរទេស នឹងត្រូវបានពិនិត្យសុខភាព និងយកសំណាកដោយមន្ត្រីសុខាភិបាល មុននឹងត្រូវបញ្ជូនទៅសណ្ឋាគារ ឬទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ដើម្បីធ្វើចត្តាឡីស័ក ក្នុងរយៈពេល ៧ថ្ងៃ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ស្ដីពីលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះ ក្នុងករណីលទ្ធផលតេស្តលើកទី១ ដោយប្រើ Rapid Test (នៅពេលមកដល់កម្ពុជា) វិជ្ជមានកូវីដ១៩ អ្នកដំណើរបរទេសនឹងត្រូវបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាល។
ក្នុងករណីលទ្ធផលតេស្តលើកទី១ ដោយប្រើ Rapid Test អវិជ្ជមានកូវីដ១៩ អ្នកដំណើរបរទេស ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេលចំនួន៧ថ្ងៃ ហើយអ្នកដំណើរបរទេសត្រូវទទួលការយកសំណាក លើកទី២ ដោយធ្វើតេស្តដោយម៉ាស៊ីន PCR នៅថ្ងៃទី៦។ ក្នុងករណីលទ្ធផលបញ្ជាក់ថា វិជ្ជមានកូវីដ ១៩ ត្រូវបញ្ជូនទៅព្យាបាល។ ក្នុងករណីលទ្ធផលបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ត្រូវបញ្ចប់ការធ្វើ ចត្តាឡីស័កនៅថ្ងៃទី៧។
ក្រសួងសុខាភិបាល បានឱ្យដឹងថា មុនពេលធ្វើដំណើរមកដល់កម្ពុជា អ្នកដំណើរជាជនបរទេស ត្រូវត្រៀមឱ្យរួចរាល់នូវឯកសារវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ត្រូវមានបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងពេញលេញ ប្រភេទវ៉ាក់សាំងនិងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង។
ក្នុងករណីត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរមកកម្ពុជា អ្នកដំណើរត្រូវស្នើសុំទិដ្ឋាការដែលមានសុពលភាព ស្របតាមនីតិវិធីនៃច្បាប់ស្ដីពីអន្តោប្រវេសន៍ ពីសំណាក់ស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុលកម្ពុជា៕