វៀតណាម៖ យ៉ាងហោចមនុស្សចំនួន ២នាក់ បានស្លាប់ បន្ទាប់ពីទឹកជំនន់ បានកើតឡើង នៅភាគកណ្តាលខេត្តងែអាន (Nghe An) ភាគកណ្ដាលប្រទេសវៀតណាម កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។
គណៈកម្មាធិការជាតិបង្ការនិងគ្រប់គ្រងគ្រោះធម្មជាតិរបស់ប្រទេសវៀតណាម បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ថា មនុស្សពីរនាក់ដែលជាឪពុក និងកូនប្រុស បានលង់ទឹកស្លាប់ បន្ទាប់ពីទឹកជំនន់ បានជន់លិចផ្ទះរបស់ពួកគេ នៅខេត្តងែអាន។ អ្នកទាំងពីរ អាយុ ៥៩ ឆ្នាំ និង ៣៤ ឆ្នាំ កំពុងកាប់អូស នៅតាមដងទន្លេ ក្បែរផ្ទះរបស់ពួកគេ កាលពីថ្ងៃសៅរ៍ នៅពេលដែលឧប្បត្តិហេតុនោះបានកើតឡើង។
ចាប់តាំងពីថ្ងៃសៅរ៍មក តំបន់ភាគកណ្តាលប្រទេសវៀតណាម បានទទួលភ្លៀងធ្លាក់ ពី ៧០ ទៅ ១៥០ មីល្លីម៉ែត្រ ដោយសារបាតុភូតអាកាសធាតុចំនួន៣រួមបញ្ចូលគ្នា។
គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី១៧ ខែតុលា ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យទឹកទន្លេហក់ឡើងនិងហូរកាត់ផ្លូវ ធ្វើឱ្យប៉ះពាល់ការរស់នៅប្រចាំថ្ងៃនៅតំបន់ភាគកណ្តាល និងយ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ទៀតបានបាត់ខ្លួន។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃចន្ទ ទី១៨ ខែតុលានេះ ខេត្តងែអាន ទៅខេត្ត Thua Thien Hue នៅវៀតណាម នឹងទទួលបានទឹកភ្លៀងពី ៥០-១៣០ មម និងអាចឡើងដល់ ១៥០ មម នៅកន្លែងខ្លះ។
ការព្រមាន បានធ្វើឡើងនៅតំបន់ភាគកណ្តាល អំពីទឹកជំនន់ទឹកភ្លៀង ការបាក់ដីនៅតំបន់ភ្នំ និងការជន់លិចបន្ថែមទៀត នៅតំបន់ទំនាបនិងទន្លេ៕