×

ក្រុមសម្ដែង​ភាពយន្ត​រុស្ស៊ី បានចុះ​ពី​ទីអវកាស​ដោយជោគជ័យ ក្រោយ​ការថតរឿង​ជាលើកដំបូង

កាហ្សាក់ស្ថាន៖ តារាសម្តែងរុស្ស៊ីម្នាក់ និងអ្នកដឹកនាំរឿងជនជាតិរុស្ស៊ីម្នាក់ បានវិលត្រឡប់មកកាន់ផែនដីវិញ បន្ទាប់ពីចំណាយពេល ១២ ថ្ងៃនៅស្ថានីយអវកាសអន្តរជាតិ ដើម្បីថតឈុតឆាកនៅលើទីអវកាសពិតៗ សម្រាប់ខ្សែភាពយន្តដែលថតនៅលើទីអវកាសជាលើកដំបូង។

យោងតាមវីដេអូដែលផ្សាយផ្ទាល់ ដោយទីភ្នាក់ងារអវកាសរុស្ស៊ី តារាសម្ដែង Yulia Peresild និង អ្នកដឹកនាំរឿង Klim Shipenko បានចុះចតនៅលើតំបន់វាលស្មៅរបស់ប្រទេសកាហ្សាក់ស្ថាន នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។

ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ “យានចុះចតរបស់យានអវកាស Soyuz MS-18 កំពុងឈរត្រង់ ហើយមានសុវត្ថិភាព។ ក្រុមការងារទាំងអស់ មានអារម្មណ៍ល្អណាស់!”។

ក្រុមអ្នកផលិតខ្សែភាពយន្តនេះ បានហោះចាកចេញពីតំបន់ Baikonur នៅប្រទេសកាហ្សាក់ស្ថាន កាលពីដើមខែតុលានេះ ដោយធ្វើដំណើរទៅស្ថានីយអវកាសអន្តរជាតិ ដោយមានការជ្រោមជ្រែងពីអវកាសយានិកជើងចាស់ Anton Shkaplerov ដើម្បីថតឈុតឆាកសម្រាប់ខ្សែភាពយន្តរបស់ពួកគេ។

ប្រសិនបើគម្រោងនៅតែដំណើរការ នោះវិស័យភាពយន្តរបស់ប្រទេសរុស្ស៊ី នឹងផ្តួល ហូលីវូដ ដែលបានប្រកាសកាលពីឆ្នាំមុន ថា ខ្លួនគ្រោងនឹងបញ្ជូនតារាសម្តែងរឿង Mission Impossible លោក Tom Cruise រួមជាមួយភ្នាក់ងារអវកាស NASA និង SpaceX របស់លោក Elon Musk ទៅកាន់ទីអវកាសដើម្បីថតឈុតឆាកខ្សែភាពយន្ត។

សាច់រឿងខ្លះៗ ត្រូវបានបង្ហាញ ដោយវាផ្តោតលើគ្រូពេទ្យវះកាត់ម្នាក់ ដែលត្រូវបានបញ្ជូនទៅស្ថានីយអវកាសអន្តរជាតិ ដើម្បីជួយសង្គ្រោះអវកាសយានិកដទៃទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង