អត្ថបទ៖ ប៉េស សារី
រតនគិរី៖ លោក អ៊ុ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានឲ្យដឹងថា ទឹកទន្លេស្រែពក និងទឹកទន្លេសេសាន បានឡើងលើសកម្រិតប្រកាសអាសន្នហើយ គិតត្រឹមថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។
ប្រធានមន្ទីរធនធានទឹក និយាយថា ទឹកបានចាប់ផ្តើមលិចលង់នៅតំបន់ទំនាបមួយចំនួន ក្នុង ស្រុកកូនមុំ, ស្រុកលំផាត់(តាមដងទន្លេស្រែពក) និងតំបន់ទំនាបមួយចំនួនក្នុង ស្រុក តាវែង, ស្រុកវឺនសៃ និងស្រុកអណ្តូងមាស (តាមដងទន្លេសេសាន្ត) ហើយទឹកនៅបន្តឡើង បន្តទៀត។
លោកប្រធានមន្ទីរធនធានទឹកនេះ បញ្ជាក់ថានៅព្រឹកថ្ងៃនេះ ទឹកទន្លេស្រែពក ឡើងលើស កម្រិត ប្រកាសអាសន្នបន្តិច គឺកម្ពស់ជិត ១៣ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន តែ១២,៥០ម៉ែត្រ(ទឹកទន្លេស្រែពក)។ រីឯទឹកទន្លេសេសាន្តកម្រិតទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រ ខណៈនេះកម្ពស់ទឹកលើសកម្រិតប្រកាសអាសន្នបន្តិច។
ដោយឡែក លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី បានបញ្ជាក់នៅថ្ងៃត្រង់ ដដែលនេះ ថា លោកកំពុងចាត់មន្ត្រីឲ្យចុះស្រង់ទិន្នន័យផលប៉ះពាល់ដំណាំស្រូវ, តែទឹកហក់ឡើងសន្សឹមៗវាមិនទាន់បង្កផលប៉ះពាល់អ្វីធ្ងន់នោះទេ, លុះត្រាតែទឹកជោជន់លិចចាប់ពី១អាទិត្យឡើងទើបរងផលប៉ះពាល់ប៉ុន្តែបើសិនទឹកស្រក់ចុះលឿននោះគឺស្រូវនឹងល្អលើសដើមថែមទៀតផង៕