មនុស្សភាគច្រើនគិតថា ឈឺធ្មេញមិនធ្ងន់ធ្ងរនោះទេ ព្រោះវាជាសរីរាង្គក្រៅ តែតាមពិតការបង្ករោគធ្ងន់ធ្ងរពីធ្មេញអាចគ្រោះថ្នាក់ដល់ស្លាប់។
នៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ពីមូលហេតុនៃការបង្ករោគពីធ្មេញដែលអាចគ្រោះថ្នាក់ដល់ស្លាប់ថា កាលណាឈឺធ្មេញដល់ថ្នាក់ហើមមុខហើមមាត់ លឹបភ្នែក ចង្កា ឬក្រោមថ្គាម និងមានចេញខ្ទុះនៅតាមអញ្ចាញធ្មេញនោះ មានន័យថាជំងឺធ្មេញបង្ករោគធ្ងន់ធ្ងរហើយ ត្រូវប្រញាប់ទៅជួបពេទ្យជំនាញ។
ប្រសិនបើព្យាបាលមិនទាន់ពេលវេលាទេនោះ មេរោគដែលបង្កឱ្យមានការករខ្ទុះ អាចរីករាលដាលពីធ្មេញទៅកន្លែងផ្សេងៗទៀតដូចជា ផ្នែកធ្មេញខាងលើ នាំឱ្យហើមមុខជុំវិញភ្នែក រួចឆ្លងចូលទៅតំបន់សរសៃប្រសាទក្នុងរន្ធ (Sinus) និងអាចឆ្លងចូលទៅខួរក្បាល។
ចំណែកផ្នែកធ្មេញខាងក្រោមវិញ នាំឱ្យហើមម្តុំក្រោមចង្កា និងឆ្អឹងថ្គាមក្រោម ធ្វើឱ្យពិបាកលេបទឹកមាត់ និងស្ទះផ្លូវដង្ហើម ហើយអាចរាលដាលដល់ទ្រូង និងមេរោគអាចចូលទៅក្នុងឈាម។ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជីវិត បើឈឺធ្មេញដល់ថ្នាក់ហើមមាត់ មានចេញខ្ទុះ ដាច់ខាតយើងមិនត្រូវទិញថ្នាំមកព្យាបាលដោយខ្លួនឯងនោះទេ ចាំបាច់ត្រូវទៅជួបពេទ្យធ្មេញ ដើម្បីគ្រូពេទ្យចោះបង្ហូរខ្ទុះ រួចលាងសម្អាតឱ្យបានត្រឹមត្រូវ និងរកមូលហេតុនៃការបង្ករោគ រួចព្យាបាល ឬដកធ្មេញនោះចេញ៕
ប្រភព៖ Hellokrupet