សៀមរាប៖ ព្រៃលិចទឹកប្រមាណ ១០០ហិកតា នៅតំបន់អភិរក្សត្រីមេពូជបឹងពារាំង ត្រូវបានអគ្គិភ័យឆាបឆេះ ដែលករណីនេះ ត្រូវបានគេដាក់ការសង្ស័យថា អាចមានការលួចដុតពីសំណាក់ជនខិលខូច។
បឹងពារាំង ជាបឹងអភិរក្សត្រីមេពូជដ៏សំខាន់មួយនៅជាប់មាត់បឹងទន្លេសាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ចំនួនបី គឺសង្កាត់ចុងឃ្នៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ នៃក្រុងសៀមរាប។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ភ្លើងបានឆាបឆេះព្រៃលិចទឹក ចេញពីទឹកដីនៃសង្កាត់សៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។ ក្នុងពេលឆាបឆេះភ្លាមៗ អាជ្ញាធរពាក់ព័ន្ធ បានអន្តរាគមន៍ជួយពន្លត់ដែរ តែមិនអាចអាចទប់ទល់បាន ដោយសារពុំមានផ្លូវចូលបាន ទើបបណ្តាលឲ្យមានការរាលដាលធំឡើងៗ៕