×

សម្តេចតេជោ ហ៊ុន សែន៖ ឥឡូវយើង​លែង​បិទភូមិ បិទ​រោងចក្រ​ដើម្បី​ស្វែងរក​កូវីដ១៩ ទៀតហើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ឥឡូវនេះយើងលែងធ្វើតេស្តដោយបិទភូមិ បិទរោងចក្រ ដើម្បីធ្វើតេស្តរហ័សទៀតហើយ ប៉ុន្តែយើងមានទីតាំងជាប្រចាំដើម្បីឱ្យប្រជាពលរដ្ឋដែលសង្ស័យមានជំងឺកូវីដ១៩ អាចទៅធ្វើតេស្តដោយខ្លួនឯងនៅទីតាំងនានាដែលក្រុមគ្រូពេទ្យបានប្រចាំការ”។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១នេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ “ប្រសិនមានការឆ្លងកូវីដ១៩ ក្រុមគ្រូពេទ្យ និងអ្នកជំងឺត្រូវពិភាក្សាគ្នា ដើម្បីអាចព្យាបាលនៅតាមផ្ទះ ឬក៏ទៅព្យាបាលនៅតាមមន្ទីរពេទ្យ អាស្រ័យទៅលើស្ថានភាពធ្ងន់ឬក៏ស្រាល”។

សម្រាប់ការព្យាបាលតាមផ្ទះ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិនានាត្រូវចេះសាមគ្គីគ្នា ជួយគ្នាកុំរើសអើងអ្នកជំងឺកូវីដ១៩ ត្រូវចេះមានវប្បធម៌ជួយគ្នានៅក្នុងគ្រាលំបាក។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “ផ្ទុយទៅវិញ អ្នកដែលកើតជំងឺកូវីដ១៩ នឹងក្លាយទៅជាអ្នកដែលអាចប្រឆាំងជំងឺដូវីដ១៩”។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា៖ “បណ្ដាប្រទេសមួយចំនួនគេបានយកអ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ហើយ សម្រាប់ព្យាបាល បម្រើដល់អ្នកជំងឺកូវីដ១៩ ដែលទើបតែកើតថ្មីៗទៅវិញ ដោយសារតែអ្នកដែលធ្លាប់កើតជំងឺកូវីតនោះ មានអង្គបដិបក្ស ឬហៅថាប្រព័ន្ធការពារសម្រាប់ប្រឆាំងនឹងជំងឺកូវីដទៀតផង”។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសង្ឃឹមថា ទាំងការព្យាបាលជំងឺកូវីដ១៩ រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តឬក៏នៅតាមផ្ទះក្តី នឹងប្រព្រឹត្តទៅបានយ៉ាងល្អដើម្បីឈានទៅការបើកប្រទេសឡើងវិញ ក្នុងពេលដែលវិស័យកសិកម្ម និងសេវាកម្មបានដំណើរការយ៉ាងល្អ វិស័យសេវានឹងបើកឡើង ដូចដែលយើងបានបើកសាកល្បងនូវកាលភ្ជុំបិណ្ឌ និងថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដែលមានប្រជាពលរដ្ឋប្រមាណ ១៤ម៉ឺន នាក់បានដើរលេងកម្សាន្ត៕

  

អត្ថបទ៖ លោក ហ៊ន សុភ័ក្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង