ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅខេត្ត កុំយកក្រុមគ្រួសារមកព្យាបាលកូវីដ១៩នៅភ្នំពេញ។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “ក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា អ្នកដែលមានជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រួសារតែងតែបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ”។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “ការបញ្ជូនមកកាន់រាជធានីភ្នំពេញនេះមិនមែនជារឿងល្អទេ យើងអាចព្យាបាលនៅតាមបណ្ដាខេត្តបាន ព្រោះយើងបានពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យនៅតាមបណ្ដាខេត្តផងដែរ ហើយមានការចូលរួមពីក្រុមគ្រូពេទ្យថ្នាក់កណ្ដាលទៅជួយព្យាបាលនៅតាមបណ្ដាខេត្ត ដូច្នេះហើយការចាត់បញ្ជូនអ្នកជំងឺកូវីដ១៩ មកកាន់រាជធានីភ្នំពេញ ជារឿងគ្រោះថ្នាក់ ព្រោះត្រូវធ្វើដំណើរឆ្ងាយក្នុងរថយន្តម៉ាស៊ីនត្រជាក់”។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យទុកចិត្តក្រុមគ្រូពេទ្យព្យាបាលនៅតាមខេត្ត ខណៈរាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តរួចស្រេចទៅហើយ៕
អត្ថបទ៖ លោក ហ៊ន សុភ័ក្រ