កូរ៉េខាងត្បូង៖ កន្លងមក រឿងអាស្រូវដ៏កក្រើករបស់តារាសម្តែង ២រូបបានផ្ទុះឡើងខ្លាំងធ្វើឱ្យអ្នកទាំង២ត្រូវបានម្ចាស់ផលិតផលជាច្រើនដកឈ្មោះចេញពីការផ្សព្វផ្សាយផលិតផលរបស់ពួកគេក៏ដូចជាការសម្តែងភាពយន្តផងដែរ។ ជាក់ស្តែង តារាសម្តែងស្រី Seo Ye Ji ដែលធ្លាប់ល្បីរឿងអាស្រូវថា នាងជាដើមហេតុធ្វើឱ្យអតីតមិត្តប្រុសរបស់នាងគឺលោក Kim Jung-Hyun បញ្ចេញរឹកពៀរមិនសមរម្យដាក់ Seohyun ធ្វើឱ្យនាងបាក់មុខក្នុងកម្មវិធីសម្ពោធភាពយន្ត។
រីឯតារាប្រុស Kim Seon Ho វិញក៏បានផ្ទុះរឿងអាស្រូវថា លោកបានធ្វើឱ្យអតីតមិត្តស្រីមានផ្ទៃពោះ ប៉ុន្តែចុងក្រោយបែរនិយាយលួងលោមឱ្យនាងរំលូតកូនដោយសន្យាថានឹងបង់ប្រាក់ជំងឺចិត្តឱ្យជាង៧សែនដុល្លារ ប៉ុន្តែនៅពេលបំណងរបស់លោកបានសម្រេច តារាប្រុសរូបនេះបែរជាផ្ទេរប្រាក់ត្រឹមតែជាង១ពាន់ដុល្លារឱ្យនាងប៉ុណ្ណោះសម្រាប់ថ្លៃពេទ្យ។
មិនត្រឹមតែប៉ុណ្ណោះ Kim Seon Ho ថែមទាំងល្បីថាជាតារាមានមុខ២ នៅក្នុងភាពយន្តមើលទៅគឺជាសុភាពបុរសពោរពេញដោយភាពផ្អែមល្ហែម ប៉ុន្តែធាតុពិតគឺជាមនុស្សមានចរឹតយ៉ាប់យឺនខ្លាំង។ ទោះបីជារឿងអាស្រូវធ្ងន់ធ្ងររហូតធ្វើឱ្យតារាទាំង២នេះបាត់បង់ឱកាសការងារច្រើនកម្រិតណាក៏ដោយ ប៉ុន្តែបើក្រលេកមើលពីចំណាត់ថ្នាក់នៅក្នុង Baeksang Arts Awards លើកទី៥៧ នេះវិញ Kim Seon Ho និងSeo Ye Ji បានជាប់ឈ្មោះជាតារាប្រុសស្រីដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ២០២១ដែលនេះជារឿងមួយគួរឱ្យភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អារម្មណ៍ទស្សនិកជនផងដែរ៕