ឥណ្ឌា៖ កូនកំលោះនិងកូនក្រមុំជនជាតិឥណ្ឌាមួយគូ បានធ្វើដំណើរឆ្លងកាត់ផ្លូវលិចទឹក ដោយជិះឆ្នាំងដាំបាយដ៏ធំមួយ ដើម្បីទៅដល់កន្លែងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ខណៈភ្លៀងធ្លាក់យ៉ាងខ្លាំង បានជន់លិចរដ្ឋកេរ៉ាឡា ភាគខាងត្បូងប្រទេសឥណ្ឌា។
ប្ដីប្រពន្ធមួយគូនេះ បានខ្ចីឆ្នាំង ពីព្រះវិហារក្នុងតំបន់ ដើម្បីជិះបណ្តោះអាសន្ន។ កូនក្រមុំរូបនេះ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា៖ “ វាបានប្រែក្លាយទៅជាអាពាហ៍ពិពាហ៍ដែលយើងមិននឹកស្មានដល់”។
ខណៈពេលដែលកន្លែងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ត្រូវបានជន់លិចមួយផ្នែកផងនោះ អ្នកទាំងពីរបានប្តេជ្ញាចងចំណងអាពាហ៍ពិពាហ៍ក្នុងពិធីតូចមួយតែប៉ុណ្ណោះ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ទាំងប្តីនិងប្រពន្ធគឺជាបុគ្គលិកសុខាភិបាល។
សូមជម្រាបថា ទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងតិច ២៨ នាក់នៅទូទាំងរដ្ឋកេរ៉ាឡា។
រូបភាពបានបង្ហាញពីរថយន្ត និងឡានក្រុងដែលលិចដោយទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហាររដ្ឋកេរ៉ាឡា ក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ។ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នកនៅរស់រានមានជីវិត កាលពីថ្ងៃចន្ទ ខណៈដែលកងទ័ពជើងទឹកនិងកងទ័ពអាកាស បានជួយដល់ប្រតិបត្តិការជួយសង្គ្រោះផងដែរ។
រដ្ឋាភិបាលឥណ្ឌា បាននិយាយថា មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ទីតួលមានសុវត្ថិភាព ហើយបានរៀបចំបង្កើតជាជំរំដើម្បីឱ្យពួកគេស្នាក់នៅជាង ១០០កន្លែង។
គួររំឭកថា កាលពីឆ្នាំ២០១៨ ទឹកជំនន់បានសម្លាប់មនុស្សជិត ៥០០ នាក់នៅទូទាំងរដ្ឋកេរ៉ាឡា៕
(ទស្សនាវីដេអូ)