×

សូមជ្រាប! ផ្អាកការ​ធ្វើចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិលេខ​៧៦ ពី​ខេត្តរតនគិរី ទៅមណ្ឌលគិរី ដោយសារ​ទឹកលិច​កាត់ផ្លូវ

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីជូនដំណឹងពីការផ្អាកជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៏លើកំណាត់ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ២៧២-២៧៣ ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី ស្ថិតនៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី ឱ្យដឹងថា យោងតាមស្ថានភាពអាកាសធាតុកន្លងមកនៃឥទ្ធិពលនៃព្យុះទី១៨ វាបង្កជាវិសម្ពាធទាបនាំឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា និងការបើកធាទឹកពីអាងស្តុកទឹកស្រែពក៤ ផ្នែកខាងលើទន្លេស្រែពក បង្កជាជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀងបានលិចភូមិ ឃុំមួយចំនួនដែលស្ថិតនៅតំបន់ទំនាបងាយប្រឈម ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកលំផាត់ និងស្រុកជាប់ ដងទន្លេសសាននៃខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី បន្តថា គិតមកដល់ពេលនេះ ស្ថានភាពទឹកទន្លេស្រែពកនៅតែបន្តឡើង បណ្តាល ឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៧៦ នៅចន្លោះគីឡូម៉ែត្រលេខ២៧២-២៧៣ ស្ថិតនៅភូមិដីឡូត៍ ឃុំ ជ័យឧត្តម ស្រុកលំផាត់។ ក្នុងន័យដើម្បីបញ្ចៀសបានការខូចខាតផ្លូវដោយសារមធ្យោបាយធ្វើដំណើរធុនធ្ងន់ រដ្ឋបាលរតនគិរី បានផ្អាកបណ្តោះអាសន្នការចរាចរណ៍រថយន្តដឹកទំនិញ និងអ្នកដំណើរ គ្រប់ប្រភេទ ឆ្លងកាត់កំណាត់ផ្លូវជាតិខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង