ទោះបីជាមានមតិមួយចំនួនបានលើកឡើងថា ការចូលគេងបន្ទាប់ពីទទួលទានអាហាររួចអាចធ្វើឱ្យយើងមានអារម្មណ៍ស្កប់ស្កល់ ហាក់ដូចជាធូរស្រាលក៏ដោយ ក៏មានហេតុផលខ្លះបានលើកឡើងយើងមិនឱ្យធ្វើបែបនេះឡើយ។ នៅពេលយើងកំពុងដេកនៅលើគ្រែ រាងកាយនឹងមានការលំបាកក្នុងការធ្វើការលើអាហារដែលយើងទើបញ៉ាំ ដែលអាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើនដោយរាប់ចាប់ពីបញ្ហាក្នុងការរំលាយអាហារ រហូតដល់មានជំងឺដាច់សរសៃឈាមខួរក្បាល។
១– គ្រោះថ្នាក់ដល់សុខភាពពេលចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំបាយរួច
ក្រហាយទ្រូង
ការក្រហាយទ្រូងគឺជាអារម្មណ៍ក្រហាយដែលចាប់ផ្តើមនៅតំបន់ចុងដង្ហើមហើយរាលដាលដល់ទ្រូង និងបំពង់ករបស់យើង។ អាការៈនេះបណ្តាលមកពីកម្រិតអាស៊ីដក្រពះមានច្រើនពេក ជាលទ្ធផលដែលបណ្តាលមកពីការគេងភ្លាមៗបន្ទាប់ពីយើងញ៉ាំអាហាររួច។
ការច្រាលទឹកអាស៊ីដក្រពះ
ការច្រាលទឹកអាស៊ីដក្រពះ កើតឡើងនៅពេលដែលសន្ទះចន្លោះក្រពះ និងបំពង់អាហារមិនអាចបិទបើកបានល្អ ដែលអាចឱ្យអាស៊ីដក្រពះហូរត្រឡប់មកបំពង់កវិញបាន។ ការដេកបន្ទាប់ពីញ៉ាំបាយរួចគឺអាចបង្កឱ្យយើងមានជំងឺនេះបាន។ ប្រសិនបើការចាល់អាស៊ីដបន្តកើតមាន នោះភ្នាសរំអិលក្នុងក្រពះយើងនឹងអាចមានការខូចខាតបាន។
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke)
ការស្រាវជ្រាវបង្ហាញថា ការគេងភ្លាមៗបន្ទាប់ពីញ៉ាំបាយរួចអាចបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន។ ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើមនុស្សដែលមានសុខភាពល្អចំនួន ៥០០ នាក់ ដែលពាក់កណ្តាលមានជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងពាក់កណ្តាលទៀតមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលស្រួចស្រាល់។ អ្នកដែលទុកបន្លោះពេលយូរក្នុងការដេកបន្ទាប់ពីការញ៉ាំអាហារ នឹងមានហានិភ័យទាបនៃជំងឺដាច់សរសៃឈាមខួរក្បាល។
ទោះបីជាការស្រាវជ្រាវមិនអាចផ្តល់ហេតុផលពិតប្រាកដសម្រាប់សមាគមក៏ដោយ ក៏អ្នកស្រាវជ្រាវជឿជាក់ថាវាអាចមានការទាក់ទងនឹងការច្រាល់អាស៊ីដពីក្នុងក្រពះផងដែរ។ ការចាល់អាស៊ីដក្រពះអាចបណ្តាលឱ្យយើងគេងមិនដកដង្ហើមដែលនេះជាបញ្ហាមួយក្នុងការផ្សារភ្ជាប់នឹងជំងឺដាច់សរសៃឈាមខួរក្បាល។ ម៉្យាងទៀតដំណើរនៃការរំលាយអាហារក៏អាចមានឥទ្ធិពលលើសម្ពាធឈាម កម្រិតជាតិស្ករក្នុងឈាម និងជាតិខ្លាញ់កូលេស្តេរ៉ូល ដែលទាំងអស់នេះអាចនាំឱ្យមានហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន។
២– តើត្រូវរង់ចាំដល់ពេលណា?
ប្រព័ន្ធរំលាយអាហាររបស់យើង ប្រហែលជាត្រូវការពេលវេលារហូតដល់៣ម៉ោងដើម្បីដំណើរការក្នុងការរំលាយអាហារបានពេញលេញ។ ដូច្នេះ យើងត្រូវព្យាយាមកុំដេកឱ្យបានយ៉ាងហោចណាស់ពីរម៉ោងបន្ទាប់ពីញ៉ាំអាហាររួច។ បន្ទាប់ពីអាហារក្នុងពោះយើងបានបែកចែកពីក្រពះហើយ វានឹងធ្វើឱ្យយើងគេងលក់បានស្រួលជាងមុន។
៣– អ្វីដែលយើងមិនគួរធ្វើបន្ទាប់ពីញ៉ាំបាយរួច
ជក់បារី
ការសិក្សាបានបង្ហាញថាការជក់បារីបន្ទាប់ពីញ៉ាំអាហាររួច អាចបង្កហានិភ័យខ្ពស់ជាងមុន ១០ ដង ដោយសារបង្កើនហានិភ័យនៃជំងឺមហារីកសួត។
ងូតទឹក
ការងូតទឹកបន្ទាប់ពីញ៉ាំអាហាររួចត្រូវបានគេបង្ហាញថា អាចបណ្តាលឱ្យមានបញ្ហារំលាយអាហារបាន។ នៅពេលយើងងូតទឹកចលនាឈាមត្រូវបានទាញទៅក្នុងខ្លួន ដៃ និងជើង ដោយគ្មានចរនាឈាមរត់ទៅក្រពះសម្រាប់ការរំលាយអាហារឡើយ។ ប្រសិនបើយើងពិតជាចង់ងូតទឹក យើងអាចរង់ចាំឱ្យបានយ៉ាងហោចណាស់ ៤០ នាទីក្រោយអាហារ។
ការបរិភោគផ្លែឈើ
យើងគួរញ៉ាំផ្លែឈើមួយទៅពីរម៉ោងមុនពេលញ៉ាំអាហារ។ ប្រសិនបើយើងញ៉ាំផ្លែឈើភ្លាមៗបន្ទាប់អាហារ នោះអាចធ្វើឱ្យយើងមានអាការៈហើមពោះបាន។
ផឹកតែ
ជាតិអាស៊ីដដែលមាននៅក្នុងតែអាចជួយដល់ការរំលាយអាហារ តែក៏ធ្វើឱ្យពិបាកក្នុងការរំលាយប្រូតេអ៊ីនដែរ។ ផឹកតែបន្ទាប់ពីញ៉ាំអាហាររួចក៏កាត់បន្ថយសមត្ថភាពរាងកាយយើងក្នុងការស្រូបយកជាតិដែកដែរ៕
ប្រភព៖ Hellokrupet