×

តំបន់​មួយចំនួន​ផ្នែក​ខាងជើង​ភ្នំគូលែន កំពុង​ប្រឈមនឹង​ជំនន់​ទឹកភ្លៀង ដោយសារ​មាន​ភ្លៀង​ធ្លាក់ជាប់ៗគ្នា​ជាច្រើនថ្ងៃ

សៀមរាប៖ ទឹកភ្លៀងដែលបានធ្លាក់ជាប់គ្នាក្នុងតំបន់អង្គរ អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលប្រទេសកម្ពុជា បានរងនូវសម្ពាធទាបធ្វើឱ្យបរិមាណទឹកដែលហូរពីភ្នំគូលែន និងផ្នែកខាងជើងមានការកើនឡើងខ្ពស់ដែលអាចបង្កជាទឹកជំនន់ផងដែរ។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តំបន់មួយចំនួនក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ពុំមានបញ្ហានោះទេ ព្រោះអាជ្ញាធរជាតិអប្សរា បានធ្វើការស្តារប្រព័ន្ធធារាសាស្ត្របុរាណក្នុងតំបន់អង្គរឱ្យដំណើរការឡើងវិញរួចរាល់ផងដែរ។ តាមរយៈការជួសជុលប្រព័ន្ធធារាសាស្ត្របុរាណទាំងនោះ បានផ្តល់លទ្ធភាពឱ្យនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាមួយផ្នែក ប្រមូលទឹកទុកក្នុងអាងស្តុកទឹក ដូចជា ស្រះស្រង់ កសិន្ធុ បារាយណ៍ជាដើម និងមួយផ្នែកទៀតបានបញ្ជៀសទៅស្ទឹងមួយចំនួនដូចជា ស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងសៀមរាប។ ចំពោះការប្រមូលទឹករក្សាទុកដើម្បីការអភិរក្សប្រាសាទផង សម្រាប់ការប្រើប្រាស់ជាទឹកស្អាតក្នុងក្រុងសៀមរាប និងសម្រាប់វិស័យកសិកម្ម ក្នុងរដូវប្រាំងខាងមុខ។

សូមបញ្ជាក់ថា ក្នុងសប្តាហ៍នេះ កម្ពុជាភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តមួយចំនួនទទួលរងដូចជា នៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន្ត និងតំបន់មាត់សមុទ្រ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង