សៀមរាប៖ គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យមចំនួន៤៤សាលា ស្ថិតនៅក្នុងស្រុកចំនួន៨ នៃខេត្តសៀមរាប ដែលបានដាក់ពាក្យស្នើសុំកន្លងមក រួមមាន ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរធំ និង ស្រុកក្រឡាញ់ បានបើកដំណើរការឲ្យបង្រៀន និង រៀនសាកល្បងជាផ្លូវការហើយ។
ការបើកសាលារៀនឡើងវិញនៅថ្ងៃនេះ មានវិទ្យាល័យចំនួន ១៤កន្លែង និងអនុវិទ្យាល័យចំនួន ៣០កន្លែង ដែលក្នុងថ្នាក់រៀននីមួយៗ មានសិស្សមិនលើសពីចំនួន១៥នាក់។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ការបើកសាលារៀនវិញនៅថ្ងៃនេះ បានឆ្លងកាត់នូវដំណាក់កាលនៃការត្រួតពិនិត្យនិងវាយតម្លៃដូចតទៅ៖
ទី១. បើកនៅតាមសាលានៃបណ្ដាស្រុកដែលមានហានិភ័យទាប ដោយអនុវត្តការរៀន តាមបណ្ដុំ មិនលើសពី១៥នាក់ តាមស្តង់ដាប្រតិបត្តិការក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងសុខាភិបាល និង ផ្ដល់អាទិភាពដល់ សិស្សថ្នាក់ទី៩ និងទី១២ សម្រាប់តំបន់មានហានិភ័យមធ្យម
ទី២. ពិនិត្យលទ្ធភាពលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ត្រូវ តែបានចាក់វ៉ាក់សាំងទាំងពីរដូសគ្រប់ៗគ្នា
និងទី៣. ការចុះត្រួតពិនិត្យនៅតាមទីតាំងសាលារៀននៃស្រុកមួយ ចំនួនដែលបានដាក់ពាក្យស្នើសុំ ស្របទៅតាមគោលការណ៍ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាសាលាត្រូវ មានទីកន្លែងសម្រាប់លាងដៃនឹង សាប៊ូ លាងដៃនឹងអាល់កុល ការត្រួតពិនិត្យកម្ដៅ និង សិស្សានុសិស្សត្រូវពាក់ម៉ាសឱ្យគ្រប់ៗគ្នា និងគ្រប់ពេលវេលាជាប្រចាំ។
សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន២០កន្លែង និងមានថ្នាក់មត្តេយ្យសិក្សាផ្សេងទៀតដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង ៤០០ កន្លែង, សាលាបឋមសិក្សាចំនួនជាង ៥១៤កន្លែង អនុវិទ្យាល័យ ចំនួន៨២កន្លែង និងវិទ្យាល័យ ចំនួន៤១កន្លែង៕