មនុស្សដែលមានគោលបំណងក្នុងជីវិត នឹងមានស្មារតីរឹងមាំក្នុងការតស៊ូជម្នះការលំបាកផ្សេងៗ។ ហេតុនេះហើយ ប៉ាម៉ាក់គួរបង្រៀនកូនឱ្យចេះកំណត់គោលដៅក្នុងជីវិត និងខិតខំព្យាយាមក្នុងការដើរទៅរកគោលដៅនោះ។
អ្វីទៅជាការកំណត់គោលដៅ?
ការកំណត់គោលដៅគឺជាការរៀបចំផែនការទៅថ្ងៃអនាគត មិនថាជាការសិក្សាសម្រាប់ការប្រលង ឬការប្រកួតនានា គឺសុទ្ធសឹងតែជាការកំណត់គោលដៅ។ ស្រដៀងគ្នានេះដែរ ប្រសិនបើកូនចង់ក្លាយជាគ្រូពេទ្យ ឬអ្នកជំនួញនៅថ្ងៃអនាគត នេះបញ្ជាក់ថាពួកគេបានកំណត់គោលដៅនៅក្នុងជីវិតរបស់ខ្លួនរួចហើយ។ ដើម្បីសម្រេចគោលដៅណាមួយ ការរៀបចំផែនការត្រឹមត្រូវ និងការខិតខំប្រឹងប្រែងមិនរាថយគឺជារឿងចាំបាច់បំផុត។
ហេតុអ្វីការកំណត់គោលដៅសំខាន់សម្រាប់ក្មេងៗ?
ការកំណត់គោលដៅ ផ្ដល់នូវគោលបំណង ឬទិសដៅសម្រាប់ក្មេង ដែលធ្វើឱ្យពួកគេដឹងច្បាស់ពីអ្វីដែលខ្លួនគួរធ្វើ ដើម្បីសម្រេចបានគោលដៅនីមួយៗ។ ចំណុចនេះនឹងធ្វើឱ្យក្មេងចេះផ្ដល់តម្លៃដល់ខ្លួនឯង មានការផ្ចង់អារម្មណ៍បានល្អ និងជួយឱ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ក្មេងដែលមានគោលដៅច្បាស់លាស់អាចបំពេញកិច្ចការបានល្អជាងក្មេងដែលពុំមានគោលដៅនៅក្នុងឆាកជីវិតទាល់តែសោះ។
តិចនិកជួយកូនឱ្យចេះកំណត់គោលដៅ
ដើម្បីបង្រៀនកូនឱ្យចេះកំណត់គោលដៅ ប៉ាម៉ាក់គួរអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម។
១. ចាប់ផ្ដើមពីគោលដៅតូចៗ
នៅពេលដែលយើងចាប់ផ្ដើមបង្រៀនកូនឱ្យចេះកំណត់គោលដៅ ចូរចាប់ផ្ដើមពីគោលដៅតូចៗជាមុន។ ប៉ាម៉ាក់អាចកំណត់គោលដៅប្រចាំសប្ដាហ៍ ឬប្រចាំខែ បន្ទាប់មកឈានទៅរកគោលដៅធំៗបន្តិចម្ដងៗ។ ការសម្រេចគោលដៅតូចៗទាំងនេះ នឹងធ្វើឱ្យកូនមានភាពរីករាយ ក៏ដូចជាមានការតាំងចិត្តខ្ពស់ក្នុងការបន្តគោលដៅដទៃទៀត ក៏ដូចជាធ្វើឱ្យពួកគេមានទឹកចិត្តក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត។
២. ឱ្យកូនដើរតាមក្ដីស្រមៃរបស់ពួកគេ
ប៉ាម៉ាក់គប្បីឱ្យកូនសម្រេចគោលដៅអ្វីមួយ ជាមួយនឹងការពេញចិត្តរបស់ពួកគេ។ ពិតណាស់ ប្រសិនបើកូនចង់ធ្វើជាកីឡាករបាល់ទាត់ ប៉ុន្តែយើងបែរជាចង់ឱ្យកូនក្លាយជាគ្រូពេទ្យវិញនោះ វានឹងធ្វើឱ្យពួកគេបាត់បង់ឆន្ទៈក្នុងការសម្រេចកី្តស្រមៃរបស់ខ្លួន។ ចូរឱ្យកូនស្វែងរកអ្វីដែលពួកគេចង់បាន និងជួយជ្រោមជ្រែងពួកគេឱ្យសម្រេចកិច្ចការនោះ។
៣. ធ្វើជាគំរូសម្រាប់កូន
កូនៗចូលចិត្តអនុវត្តតាមអ្វីដែលប៉ាម៉ាក់កំពុងធ្វើ ដូច្នេះហើយ ប៉ាម៉ាក់គប្បីឱ្យកូនចូលរួមនៅក្នុងយុទ្ធសាស្ត្ររៀបចំផែនការរបស់យើង និងដែលស័ក្ដិសមទៅនឹងអាយុរបស់ពួកគេផងដែរ។ ប្រសិនបើយើងចង់រៀបចំផ្ទះបាយថ្មី ចូរឱ្យកូនចូលរួមនៅក្នុងការរៀបចំនេះ ដើម្បីឱ្យពួកគេរៀនអំពីសកម្មភាពនៃការរៀបចំផែនការជាមួយនឹងប៉ាម៉ាក់។
៤. ធ្វើការត្រួតពិនិត្យជាក់ស្ដែង
ក្មេងៗមិនទាន់អាចយល់ដឹងអំពីសារសំខាន់នៃការខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលបំណងអ្វីមួយឡើយ។ ដូចគ្នានេះដែរ ពួកគេអាចនឹងមើលស្រាលនៃទំហំកិច្ចការក្នុងការសម្រេចគោលដៅនីមួយៗ។ ប្រសិនបើពួកគេបរាជ័យ ក្មេងៗអាចនឹងមានអារម្មណ៍បាត់បង់ការតាំងចិត្ត ឬមួម៉ៅ។ ប៉ុន្តែ ប៉ាម៉ាក់ត្រូវពន្យល់កូនៗអំពីឧបសគ្គដែលពួកគេអាចនឹងជួបប្រទះ ព្រមទាំងណែនាំពួកគេឱ្យក្រោកឈរឡើង និងខិតខំប្រឹងប្រែងបន្តទៀតនៅពេលដែលពួកគេបរាជ័យ។ បន្ថែមពីនេះ ប៉ាម៉ាក់គប្បីបង្រៀនកូនកុំឱ្យពួកគេបញ្ឈប់គោលដៅរបស់ខ្លួននៅពាក់កណ្ដាលទី និងព្យាយាមជម្នះរាល់ឧបសគ្គទាំងឡាយ ដោយមិនត្រូវបោះបង់ចោលឡើយ។
៥. សរសើរអំពីការខិតខំប្រឹងប្រែងរបស់កូន
វាគឺជារឿងសំខាន់ណាស់ក្នុងការបង្រៀនឱ្យកូនមានការតាំងចិត្តខ្ពស់ ក្នុងការឆ្លងកាត់រាល់ការលំបាកនានា។ ប្រសិនបើមិនមានការសរសើរ និងការជំរុញលើកទឹកចិត្តទេនោះ កូនៗអាចនឹងបាត់បង់ចំណាប់អារម្មណ៍ក្នុងការបន្តគោលដៅនោះ។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីសរសើរកូន និងលើកទឹកចិត្តចំពោះការប្រឹងប្រែងរបស់ពួកគេ៕
ប្រភព៖ Hellokrupet