អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបើកដំណើរការកម្មវិធីប្រព័ន្ធបណ្ដាញសង្គមរបស់លោក ឈ្មោះថា TRUTH Social ដើម្បីប្រឆាំងនឹង Twitter និង Facebook ដែលបានរារាំងគាត់ពីវេទិការបស់ពួកគេ។
TRUTH Social នឹងត្រូវបានបង្កើតឡើងតាមរយៈក្រុមហ៊ុនថ្មីមួយ ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Trump Media and Technology Group និងក្រុមហ៊ុន SPAC ។
លោក ត្រាំ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ “យើងរស់នៅក្នុងពិភពលោកដែលតាលីបង់ មានវត្តមានយ៉ាងច្រើននៅលើបណ្តាញសង្គម Twitter ប៉ុន្តែប្រធានាធិបតីអាមេរិកដែលអ្នកចូលចិត្តត្រូវបានបំបិទមាត់។ វាមិនអាចទទួលយកបានទេ។”
លោកបន្តថា៖ “ខ្ញុំរំភើប ក្នុងការប្រកាសពីការពិតនៅលើ TRUTH Social ក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន Trump Media and Technology Group ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកទាំងអស់គ្នាបញ្ចេញមតិ។ ខ្ញុំរំភើបណាស់ដែលចាប់ផ្តើមចែករំលែកគំនិតរបស់ខ្ញុំនៅលើ TRUTH Social និងដើម្បីប្រយុទ្ធប្រឆាំងនឹង Big Tech ។”
TRUTH Social នឹងចាប់ផ្តើម Beta នៅខែក្រោយ និងការដាក់ឱ្យដំណើរការពេញលេញ នៅត្រីមាសទី១ ឆ្នាំ២០២២។ វានឹងផ្ដល់សេវាកម្ម ការកម្សាន្ត ព័ត៌មាន និង Podcast ៕