ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្សចំនួន ៤៦ នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហាររដ្ឋអ៊ុតតារ៉ាខាន់ ភាគខាងជើងប្រទេសឥណ្ឌា។ នេះបើតាមមន្រ្តីបាននិយាយនៅថ្ងៃពុធ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋខាងលើ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានធ្វើការពេញមួយយប់ ដើម្បីទាញយកសពដែលជាប់នៅក្នុងកម្ទេចកំទី និងបានជម្លៀសអ្នកដែលនៅតំបន់ងាយរងគ្រោះផងដែរ។
សូមជម្រាបថា កាលពីថ្ងៃអង្គារ ទី១៩ ខែតុលា មន្រ្តីបាននិយាយថាមនុស្សយ៉ាងតិច ២២ នាក់បានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង។
រដ្ឋអ៊ុតតារ៉ាខាន់ បានជួបនឹងភ្លៀងធ្លាក់ឥតឈប់ឈររយៈពេល ៣ ថ្ងៃចុងក្រោយនេះ ដែលបានបង្កឱ្យទឹកជន់លិចផ្លូវ បំផ្លាញស្ពាន និងបណ្តាលឱ្យបាក់ដី ដែលផ្ទះជាច្រើនខ្នងត្រូវទឹកជន់លិច។ ស្ថានភាពនេះ បានជំរុញឱ្យមានការចូលរួមពីសមាជិកជាង ២.០០០ នាក់នៃយោធា និងជនស៊ីវិល។
អាជ្ញាធរឧតុនិយមឥណ្ឌា បាននិយាយថា ភ្លៀងទំនងជានឹងថយចុះនៅរដ្ឋអ៊ុតតារ៉ាខាន់ នៅថ្ងៃពុធនេះ ប៉ុន្តែបានព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគឦសាន និងភាគខាងត្បូងប្រទេសវិញម្ដង៕