×

សម្ដេចតេជោ ហ៊ុន សែន៖ “យើង នឹង​បើក​ឱ្យអ្នកវិនិយោគ និង​ភ្ញៀវទេសចរ មកពីថៃ​ចូល​កម្ពុជា​បាន”

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “យើង នឹងបើកឱ្យអ្នកវិនិយោគ និងភ្ញៀវទេសចរមកពីថៃ ចូលកម្ពុជាបាន។” នេះជាការថ្លែងសារផ្ញើជូនជនរួមជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធស្ថានភាពទូទៅនៅកម្ពុជា មុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិនិត្យមើលពាក់ព័ន្ធទៅនឹងការដាក់កម្ពុជានៅក្នុងបញ្ជី ៤៦ប្រទេស ដែលថៃបានដាក់។ ដោយក្នុងនោះ ប្រទេសអាស៊ាន មាន ៣ប្រទេស ដូចជា កម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលជាប្រទេស អាចចេញចូលក្នុងប្រទេសថៃបាន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបន្ថែមថា៖ “ប្រសិនបើដូច្នេះមែន គឺអាចចាប់នូវវិធានការបរិការណ៍ជាមួយនឹងប្រទេសថៃតែម្ដង។”
សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់មូលហេតុថា៖ “យើងត្រូវបានប្រទេសខ្លះ មិនមានទំនាក់ទំនងផ្លូវអាកាសជាមួយយើងទេ ប៉ុន្តែប្រទេសខ្លះនោះ ក៏ត្រូវបានប្រទេសកម្ពុជា យើងបិទមិនឱ្យមានការហោះហើរចូល ដោយសារតែការឆ្លងកូវីដ១៩ច្រើន។”

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ប្រសិនបើថៃមានការអនុវត្តឱ្យមានការបើកចូលប្រទេស យើងក៏អាចចាប់ផ្ដើមមានគោលការណ៍បរិការណ៍ជាមួយប្រទេសថៃ ដោយយើងទៅកាន់ប្រទេសថៃ ថៃមិនឱ្យធ្វើចត្តាឡីស័ក រីឯថៃមកកាន់កម្ពុជាក៏មិនធ្វើចត្តាឡីស័ក អញ្ចឹងអាចបើកការហោះហើរ ពីថៃចូលមកកាន់កម្ពុជាដែរ។”

សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា៖ “អ៊ីចឹងយើងអាចទម្លាយយកអ្នកវិនិយោគ និងភ្ញៀវទេសចរមកពីថៃចូលកម្ពុជាបាន។”

ពាក់ព័ន្ធជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិនិត្យសិក្សាមើលបញ្ហានេះ និងលទ្ធភាពបើកឡើងវិញផ្លូវអាកាសជាមួយនឹងទីក្រុងកូឡាឡាំពួ របស់ប្រទេសម៉ាឡេស៊ី និងទីក្រុងហ្សាកាតា របស់ឥណ្ឌូណេស៊ី។ល។

សូមជម្រាបថា តាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជានាពេលបច្ចុប្បន្ននេះ បានបើកឱ្យមានការហោះហើរចូលមកកាន់ប្រទេសកម្ពុជាដូចជា សិង្ហបុរី ចិន និងកូរ៉េ៕

អត្ថបទ លោក ហ៊ន សុភ័ក្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង