អាមេរិក៖ ជាកូនស្រីរបស់តារាសម្តែងហូលីវូដដ៏ល្បី Shiloh Jolie-Pitt ទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងរូបរាងថ្មីដែលនាងបានបង្ហាញខ្លួនលើកម្រាលព្រំក្រហមក្នុងកម្មវិធី Eternals ជាមួយម្តាយរបស់នាងគឺកំពូលតារាហូលីវូដ Angelina Jolie និងបងប្អូនប្រុសស្រីរបស់នាងកាលពីពេលថ្មីៗនេះ។
តាំងពីតូចមក Shiloh ត្រូវបានគ្រប់គ្នាដឹងថា នាងជាក្មេងស្រីម្នាក់មានទំនោរតុបតែងខ្លួនដូចមនុស្សប្រុសអ៊ីចឹង ដូចនេះនាងក៏បានសុំ Brad Pitt និង Jolie កាត់សក់ខ្លីដើម្បីឱ្យមើលទៅមានលក្ខណៈជាក្មេងប្រុសពិតប្រាកដ។ ទាក់ទងនឹងបញ្ហានេះ ឪពុកម្តាយរបស់នាងក៏មិនបានហាមឃាត់អ្វីឡើយ ពោលគឺអ្នកទាំងពីរ បានគោរពការសម្រេចចិត្តរបស់កូនស្រីដោយមិនស្ទាក់ស្ទើរ។
យ៉ាងណាមិញ វ័យកាន់តែធំ Shiloh បានផ្លាស់ប្តូររូបរាងខ្លួនដោយប្តូរមកស្លៀកពាក់ជាស្រី ចាប់ផ្តើមទុកសក់វែង និងក្នុងពេលថ្មីៗនេះ នាងក៏បានបង្ហាញខ្លួនជាមួយនឹងឈុតរ៉ូបលើជង្គង់បន្តិច ដែលនេះជាលើកទី១ហើយឃើញនាងតុបតែងខ្លួនជាស្រី។ Shiloh ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមនុស្សជុំវិញខ្លួន ក៏ដូចជាអ្នកសារព័ត៌មាននាំគ្នាតាមផ្តិតរូបយកមកចុះផ្សាយព្រោងព្រាតទៀតផង។ ចង់ដឹងថា Shiloh មានភាពស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕