×

កើត​ទឹកនោមផ្អែម ត្រូវ​ធ្វើតាម ៣ ចំណុច​សំខាន់នេះ ទើប​ការព្យាបាល​បានជោគជ័យ

ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ ត្បិតតព្យាបាលមិនជាដាច់ក៏ពិតមែន តែការព្យាបាលត្រឹមត្រូវអាចបញ្ចៀសនូវផលវិបាកផ្សេងៗ ធ្វើឱ្យអ្នកជំងឺអ្នកទឹកនោមផ្អែមរស់នៅបានយូរ អាចធ្វើការ ឬប្រកបរបបចិញ្ចឹមជីវិតបានធម្មតា។

លោកវេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យជំនាញជំងឺទឹកនោមផ្អែមក្នុងសហគមន៍ បានណែនាំនូវគោលការណ៍សំខាន់ៗ ដើម្បីឱ្យការព្យាបាលជំងឺទឹកនោមផ្អែមបានជោគជ័យ។

១. របបអាហារ

សម្រាប់អ្នកជំងឺទឹកនោមផ្អែមអាចនឹងមានការលំបាកក្នុងការជ្រើសរើសប្រភេទអាហារ ដើម្បីកុំឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ដូច្នេះហើយអ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្តទុកដាក់ និងបែងចែករបបអាហារណាដែលអាចញ៉ាំបានតិច (អាហារមានជាតិស្ករខ្ពស់) និងអាហារដែលអាចញ៉ាំបានច្រើន (ក្រុមអាហារមានជាតិស្ករទាប)។

២. ហាត់ប្រាណ

ការហាត់ប្រាណជួយអ្នកជំងឺទឹកនោមផ្អែមបានច្រើន ប្រសិនបើអ្នកជំងឺមិនធាត់លើសទម្ងន់នោះទេ ត្រូវហាត់ប្រាណឱ្យបាន ៥ថ្ងៃ/សប្តាហ៍ ដោយក្នុង១ថ្ងៃត្រូវហាត់ពី ៣០-៤៥នាទី។ ផ្ទុយទៅវិញ បើអ្នកជំងឺធាត់លើសទម្ងន់ ត្រូវបង្កើនការហាត់ប្រាណឱ្យបានច្រើនជាងអ្នកជំងឺធម្មតា ដោយអាចហាត់ពេលព្រឹកផង និងល្ងាចផង។

៣. ការប្រើប្រាស់ថ្នាំ

ការប្រើថ្នាំក៏ជារឿងសំខាន់ដែរអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ចៀសវាងការប្រើថ្នាំតាមគ្នា ឬក៏លេបថ្នាំពេលធ្វើទុក្ខ ហើយឈប់លេបនៅពេលស្ថានភាពជំងឺបានប្រសើរ។
លោកវេជ្ជបណ្ឌិត ប៊ុន សុជាតិ លើកឡើងថា ការព្យាបាលជំងឺទឹកនោមផ្អែមត្រឹមត្រូវ ពឹងផ្អែកលើចំណុចសំខាន់ទាំង៣ខាងលើ ទើបទទួលបានជោគជ័យ គឺ ការហូបចុក ហាត់ប្រាណ និងការប្រើប្រាស់ថ្នាំ។ ក្រៅពីនោះក៏មានកត្តារួមផ្សំផ្សេងទៀត ដូចជាការគ្រប់គ្រងសម្ពាធឈាមឱ្យបានត្រឹមត្រូវ គ្រប់គ្រងកម្រិតជាតិខ្លាញ់ឱ្យបានល្អ និងការចូលរួមពីក្រុមគ្រួសារជាដើម៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង