×

ជំនន់ទឹកភ្លៀង​ធ្លាក់ពី​ប្រទេសថៃ បន្តជន់លិច និង​ប៉ះពាល់​ស្រុក-ក្រុងចំនួន៣ ក្នុង​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ស្រុក-ក្រុងចំនួន៣ នៃខេត្តបន្ទាយមានជ័យ នៅតែបន្តរងគ្រោះ ដោយទឹកជំនន់ ដែលហូរធ្លាក់មកពីប្រទេសថៃ បណ្តាលឱ្យប្រជាពលរដ្ឋចំនួន ១.៣៥៨គ្រួសារហើយ ត្រូវបានជន្លៀសទៅទីទួលសុវត្ថិភាព និងចំនួន ៤៦៤គ្រួសារ បានត្រឡប់ទៅលំនៅដ្ឋានវិញ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ បានជនលិចក្រុងប៉ោយប៉ែតទាំង៣សង្កាត់ ក្នុងជំនន់ជាលើកទី២នេះ បានបណ្តាលឱ្យប៉ះពាល់ និងជនលិចផ្ទះសម្បែងប្រជាពលរដ្ឋ និងផលដំណាំកសិកម្ម និងបានជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពចំណុច ៥គោលដៅ ដែលមានប្រជាពលរដ្ឋចំនួន ៤០០គ្រួសារហើយ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ ចំពោះទីតាំងមួយចំនួនដែលទឹកជំនន់បានស្រកចុះទៅវិញ មានប្រជាពលរដ្ឋ ២៩គ្រួសារ បានប្រឡប់ទៅលំនៅដ្ឋានវិញ។

លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរី បានឱ្យដឹងថា ទឹកជំនន់បានប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១០ឃុំ ស្មើនឹង ៦៦ភូមិ បានប៉ះពាល់ប្រជាពលរដ្ឋចំនួន ២.៨២១គ្រួសារ ហើយជម្លៀសរកទីទួលសុវត្ថិភាពចំនួន ៣០៩គ្រួសារ លិចស្រូវចំនួន ៨.១៩៥ ហិកតា ដំណាំរួមផ្សំចំនួន ២៨ហិកតា សត្វពាហណៈចំនួន ១៦១ក្បាល លិចសាលារៀនចំនួន ១៦កន្លែង វត្តចំនួន៣ មណ្ឌលសុខភាព ១កន្លែង លិចផ្លូវចំនួន ១៣១ខ្សែ ស្មើនឹង ៧៤.៥៣០ម៉ែត្រ។

ជាមួយគ្នានេះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងដែរថា ទឹកជំនន់បានប៉ះពាល់ប្រជាពលរដ្ឋ ៧សង្កាត់ ស្មើនឹង ៣៦ភូមិ ដែលមានប្រជាពលរដ្ឋចំនួន ២.៣៤៩គ្រួសារ និងជម្លៀសរកទីទួលសុវត្ថិភាពចំនួន ៦៤៩គ្រួសារ ហើយត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញ ៤៣៥គ្រួសារ ទឹកលិចស្រូវចំនួន ៥,៣៨២ហិកតា ដំឡូងមីចំនួន ២៦ហិកតា លិចសាលារៀន ៧កន្លែង លិចផ្លូវ ១២៤កន្លែង ស្មើនឹង ៨៤.៨៦៨ម៉ែត្រ។

បញ្ហានេះ លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅដងស្ទឹងមង្គលបូរី ចំណុចសំណង់ពោធិ៍២ដើម ទឹកឡើងដល់ ៥ហ៊ុន កម្រិតទឹក ៣,៦៥ម៉ែត្រ ដងស្ទឹងសិរីសោភ័ណទឹកឡើង ៧ហ៊ុន កម្រិតទឹកទឹក ៧,៣៨ម៉ែត្រ ចំណុចស្ថាននីយ៍ជលសាស្ត្រអូរខៃដនក្រុងប៉ោយប៉ែត ទឹកស្រក១តឹក កម្រិតទឹក ៥,១៨ម៉ែត្រ៕

ដោយ៖ ប៊ុនចាន់ថន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង