×

ក្រសួងសុខាភិបាល៖ ការធ្វើចត្តាឡីស័ក​អ្នកជំងឺកូវីដ-១៩ ដែល​បាន​ជាសះស្បើយ ត្រូវបាន​លុបចោល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសដល់ប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២១ លើសំណើសុំគោលការណ៍របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយផ្អែកលើមូលដ្ឋានសំខាន់ចំនួន ២ គឺ៖

(១) ការធ្វើចត្តាឡីស័ករបស់អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយ ត្រូវបានលុបចោល និង
(២) អត្រាក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែល បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ មានកម្រិតខ្ពស់ ដែលនាំឱ្យមានភាពស៊ាំ និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើបច្ចុប្បន្នភាពរបបធ្វើចត្តាឡីស័ករបស់ក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១/លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ ដែលបានអនុវត្តតាមវិធានការ សុខាភិបាលខ្ជាប់ខ្ជួនក្នុងពេលបំពេញការងារ និងទទួលបានលទ្ធផលតេស្ដកូវីដ-១៩ អវិជ្ជមាន PCR (-) ក្រោយបញ្ចប់ភារកិច្ចនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ និង ក្រុមផ្តល់សេវាជួរមុខទាំងនេះ ត្រូវបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៤ថ្ងៃ មុននឹង វិលចូលបម្រើការងារសនៅអង្គភាពដើមវិញ។

២/ លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងអ្នកផ្តល់សេវាទូទៅដែលមិនមែនជាក្រុមផ្តល់ សេវាជួរមុខ ប៉ុន្តែ មានការចាំបាច់ត្រូវធ្វើអន្តរាគមន៍វេជ្ជសាស្ត្រ ដូចជា ការវះកាត់ ឬការផ្តល់សេវានានា ដល់អ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាល ក្នុងរយៈពេលខ្លី ហើយបានប្រើប្រាស់ សម្ភារៈ និងឧបករណ៍ការពារខ្លួន (PPE) កម្រិត៣ បានត្រឹមត្រូវ។

៣/ ចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និង ដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ (គិតចាប់ពីថ្ងៃដែលបានប៉ះពាល់) នៅផ្ទះ ឬនៅតាមទីតាំងដែលបានកំណត់ទុក៕

ដោយ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង