×

រាជធានីខេត្ត​ចំនួន១៤ សូមប្រុងប្រយ័ត្ន ភ្លៀងធ្លាក់ខ្លាំង​អាចបង្ក​ជា​ទឹកជំនន់ នៅសប្ដាហ៍នេះ!

ភ្នំពេញ៖ ឥទ្ធិពលពីសម្ពាធទាប និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ នឹងកើតមាននៅប្រទេសកម្ពុជា នៅក្នុងរយៈពេល១សប្ដាហ៍ខាងមុខនេះ ដែលអាចបង្កជាភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ ដែលអាចធ្វើឱ្យកើតមានជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

ក្រសួងបានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែល អាចបង្កជាជំនន់ទឹកភ្លៀងមានជាអាទិ៍ខេត្ត៖ ព្រៃវែង , ស្វាយរៀង , កណ្ដាល , តាកែវ , កំពង់ស្ពឺ កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិត ពីខ្សោយ ទៅមធ្យមតែប៉ុណ្ណោះ។

ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្ក ជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្ត៖ មណ្ដូល់គីរី , ត្បូងឃ្មុំ និងកំពង់ចាម។ បន្ទាប់ពីនោះ ភ្លៀងអាច នឹងបន្តធ្លាក់ក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។

រីឯតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុង ភូមិសាស្ត្រខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ ។

ក្រសួងអំពាវនាវដល់សាធារណជន បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង