ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលពីយប់ទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសថា អាជ្ញាធររាជធានី បានប្រកាសអាសន្នពីស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតដែលកំពុងវាយលុកសង្កាត់ចំនួន៥ នៅក្នុងភូមិសាសាស្ត្រខណ្ឌដង្កោ។
អាជ្ញាធរ បានប្រកាសដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ត្រូវជម្លៀសចេញពីលំនៅឋាន ដើម្បីស្វែងរកទីទួលសុវត្ថិភាពជាបន្ទាន់ ដោយសារទឹកជំនន់កំពុងហក់ឡើងខ្លាំង។
កាលពី ថ្ងៃ ទី ២៦ ខែ តុលា ឆ្នាំ ២០២១នេះ លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន ដឹកនាំ កម្លាំង ចុះអន្តរាគមន៍ ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោត ក្នុង ភូមិសាស្ត្រ ខណ្ឌដង្កោ ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង។ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានអំពាវនាវផងដែរទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ត្រូវប្រុងប្រយ័ត្នខ្ពស់៕