ថៃ៖ លោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបលោក Yuthasak Supasorn ទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ ដើម្បីជជែកស្វែងរកកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទេសចរណ៍រវាងកម្ពុជា និងថៃ កាលពីពេលថ្មីៗនេះ។
ភាគីទាំងពីរ បានលើកយកនូវបញ្ហាមួយចំនួនមកជជែក ក្នុងនោះ ភាគីទាំងពីរ បានពិភាក្សាលើគម្រោងបង្កើតស៊ីមកាតទេសចរណ៍តែមួយ ដែលអាចប្រើប្រាស់បានទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសថៃ។ បន្ថែមពីនេះ ភាគីទាំងពីរ បានបង្ហាញពីការសិក្សាអំពីលទ្ធភាពបើកវិស័យទេសចរណ៍ឡើងវិញ តាមរយៈយន្តការ Travel Bubble រវាងប្រទេសទាំងពីរ ដោយប្រើប្រាស់ទិដ្ឋាការតែមួយ ទេសចរណ៍ពីរប្រទេស។
ក្នុងជំនួបនេះ លោក សុខ សុក្រឹត្យា ក៏បានជម្រាបជូនទេសាភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ អំពីដំណើរទស្សនកិច្ច ទៅកាន់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក និងបានបង្ហាញអំពីទស្សនវិស័យរបស់លោក ក្នុងការជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដូចជា ខេត្តត្រាត ខេត្តចាន់ថាបុរី ខេត្តស្រះកែវ ខេត្តបូរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេតជាដើម។ លោកក៏បានលើកឡើងដែរថា ការតភ្ជាប់តាមផ្លូវគោក ផ្លូវអាកាសដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប និងផ្លូវទឹក ដែលអាចធ្វើដំណើរពីហួហ៊ីន ប៉ាតាយ៉ា កោះឆាង មកកម្ពុជាឆ្លងកាត់ខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុជាដើម នឹងជាការរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ៕