ចិន៖ Influencer នៅប្រទេសចិនម្នាក់មានឈ្មោះ Luo មកពីខេត្តហ៊ូណាន បានផឹកទឹកថ្នាំសម្លាប់សត្វល្អិតពេលកំពុង Lived លើបណ្តាញសង្គមដែលពេលនោះនាងបានរៀបរាប់ប្រាប់អ្នកគាំទ្រថា នាងមានជំងឺបាក់ទឹកចិត្តដែលនាងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជាង ២ខែមកហើយ។
នាងបានបន្ថែមថា គ្រប់គ្នាអាចនឹងឃើញនាងសប្បាយរីករាយគ្រប់ពេល ប៉ុន្តែស្នាមញញឹមទាំងនេះគឺសម្រាប់តែអ្នកគាំទ្ររបស់នាងប៉ុណ្ណោះ សង្ឃឹមថាអ្នកដែលបានឃើញវីដេអូរបស់នាងហើយនឹងមានភាពរីករាយ ដូចនេះនាងក៏រីករាយដែរ ប៉ុន្តែពេលនេះនាងទ្រាំទ្រលែងបានទៀតហើយ។
ទន្ទឹមនឹងមានអ្នកចូលទស្សនាការ Lived របស់នាងយ៉ាងច្រើននោះ អ្នកមួយចំនួនបានជម្រុញឱ្យនាងផឹកទឹកថ្នាំសម្លាប់សត្វល្អិតដែលនៅក្បែរដៃ ភ្ជាប់ជាមួយពាក្យក្រើនរំឭកដែរថា កុំភ្លេចថានាងនៅមានឪពុកម្តាយ។ ទោះជាយ៉ាងណា Luo មិនរង់ចាំយូរឡើយ នាងបានទាញទឹកមួយដបនោះផឹកភ្លាមៗ និងបង្ហាញដបបញ្ជាក់ប្រាប់ទៀតថា នាងផឹកអស់ហើយ។
មិនបានប៉ុន្មានផង នាងក៏ចាប់ផ្តើមមានអាការៈមិនស្រួលក្នុងបំពង់ក ក្រោយមកនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែវាបានហួសពេលទៅហើយ។ យ៉ាងណាមិញ អ្នកនិយមលេងបណ្តាញសង្គមមួយចំនួនបាននិយាយថា នាងធ្វើបែបនេះគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍អតីតមិត្តប្រុសនាងប៉ុណ្ណោះ។
ប៉ុន្តែបើយោងតាមការបញ្ជាក់ពីមិត្តភក្តិរបស់ Influencer រូបនេះបាននិយាយថា តាមកំណត់ត្រាក្នុងទូរស័ព្ទដៃរបស់នាងបានបង្ហាញថា នាងបានព្យាយាមខលទៅប៉ូលីស និងរថយន្តសង្គ្រោះបន្ទាន់ ដូចនេះប្រហែលនាងមិនមានគំនិតចង់សម្លាប់ខ្លួនអ្វីឡើយ។ ទោះជាយ៉ាងណា បញ្ហាផ្លូវចិត្តមិនមែនជារឿងលេងសើចឡើយ ដែលយើងគ្រប់គ្នាគួរផ្តល់គំនិតល្អៗលើកទឹកចិត្តអ្នកជំងឺជាជាងការនិយាយបញ្ឆេះដែលអាចធ្វើឱ្យមានវិប្បដិសារីមិនអាចកែបាន៕