ភ្នំពេញ៖ កម្លាំងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយលេខ៩១១ សហការជាមួយអាជ្ញាធរ ក្នុងការជួយសង្គ្រោះ និងចម្លងប្រជាពលរដ្ឋពីតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាព ក្នុងភូមិសាស្រ្ត ភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ព្រមទាំងការដឹកជញ្ជូនទ្រព្យសម្បតិ្ត និងសត្វពាហនៈដែលបានរងនូវការលិចលង់នៅក្នុងតំបន់នោះផងដែរ។
ឧត្តមសេនីយ៍ត្រី ស៊ុសំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស បានមានប្រសាសន៍ថា បច្ចុប្បន្នកងកម្លាំងសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ បានបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ដោយកងកម្លាំងរបស់យើងធ្វើការចល័តទូកជាបន្តបន្ទាប់ ដើម្បីជួយដឹកជញ្ជូនពួកគាត់ពីតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាព និងធ្វើការអន្តរាគមន៍ភ្លាមៗ បើសិនជាមានការស្នើសុំជំនួយពីសំណាក់អាជ្ញាធរមូលដ្ឋាន។
លោកក៏បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៥ ខែតុលា មកមានប្រជាជនប្រមាណ ១.០៦៨នាក់ ត្រូវបានក្រុមសង្គ្រោះជួយដឹកជញ្ជូនពីតំបន់លិចលង់ទៅកាន់ទីទួលសុវត្ថិភាព។ លោកមេបញ្ជាការរងនាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស បានសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ក្នុងភូមិសាស្រ្តដែលកំពង់រងនៅការលិចលង់ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗដែលងាយរងគ្រោះ និងការពារចំពោះសត្វអសិរពិសផ្សេងៗដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។
សូមជម្រាបថាទឹកជំនន់ស្ទឹងព្រែកត្នោត បានបង្កការជន់លិចផ្ទះ ដីកសិកម្ម សាលារៀនផ្លូវថ្នល់ក្នុងភូមិសាស្រ្តខណ្ឌកំបូល ដោយទឹកហូរធ្លាក់យ៉ាងគំហុកពីខេត្តកំពង់ស្ពឺ ចាប់ផ្តើមជន់លិចរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះ។ ផ្ទះប្រជាពលរដ្ឋ រាប់ពាន់ខ្នងត្រូវបានលិចលង់ និង សង្កាត់ចំនួន២ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយក្នុងនោះក៏មានសាលារៀន, ផ្លូវ និងផ្ទៃដីកសិកម្មជាច្រើនហិកតាដែលត្រូវរងផលប៉ះពាល់ផងដែរ៕