ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ផ្អែកលើការវិវឌ្ឍកាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយ ភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះតទៅ។
ម្ចាស់រោងសម្ដែងសិល្បៈ និងម្ចាស់រោងភាពយន្ត ត្រូវអនុវត្តឱ្យបានម៉ត់ចត់បំផុតនូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំ ឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល៕