×

ទំនប់សណ្តរ​ស្ទឹងព្រែកត្នោត ដែល​ទឹកហូរច្រោះ​បាក់ដី ត្រូវបាន​អាជ្ញាធរ​ទប់ភ្ជិត​រួចរាល់​ហើយ នៅរសៀល​ថ្ងៃទី២៨ ខែតុលានេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ រួមនឹងក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់ការបិតភ្ជិតចំណុចទំនប់បាក់សណ្តស្ទឹងព្រែកត្នោតរួចរាល់ហើយ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដែលនឹងជួយកាត់បន្ថយចរន្តទឹកកុំឱ្យហូរខ្លាំង។ ក្នុងប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមនឹង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

យោងតាមមន្ដ្រីជំនាញ ដែលប្រចាំការនៅទំនប់ស្ទឹងព្រែកត្នោត បានឱ្យដឹងថា ការងាររៀបចំបាវខ្សាច់តូច ធំ ដែលបានដាក់រៀបពីភាគខាងលើសំណង់ទំនប់ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង និងការងារឆ្កឹះយកតួសំណង់ចាស់បានរួចរាល់ហើយ នៅទំនប់បាក់លើសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនេះក្រុមការងារ បាននិងកំពុងបន្តការងារចាក់បំពេញដីតួរផ្លូវទំនប់ឱ្យរឹងមាំសារជាថ្មីឡើងវិញ ដើម្បីបម្រើឱ្យការចរាចរណ៍របស់ប្រជាពលរដ្ឋនៅភូមិកន្ទុយទឹក ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពហូរមកលើខ្លាំងពេក បានបណ្តាលឱ្យចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះក្លាយជារន់នាគ។ ភ្លាមៗនោះក្រុមការងារក្រសួងធនធានទឹក អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ច បានរួមគ្នាជួយទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរធំឡើង ទៅដល់ប្រជាពលរដ្ឋដែលរស់នៅចំមុខទឹកហូរបុកនោះ៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
agario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika
givememmastreams 1v1.LOL unblocked 76 games mitakusaner