×

ស្វែង​យល់ពី​កុលសម្ព័ន្ធ​មាន​សុខភាព​បេះដូងល្អ​ជាងគេ​លើលោក

កុលសម្ព័ន្ធ Tsimane នៃពីប្រទេសបូលីវី តំបន់អាមេរិកឡាទីន ត្រូវគេឱ្យឈ្មោះថា ជាក្រុមមនុស្សមានសុខភាពបេះដូងល្អជាងគេបំផុតនៅលើផែនដី ហើយការតម្លៃនេះ ផ្អែកតាមលទ្ធផលការសិក្សាជាច្រើនពីអ្នកជំនាញសុខភាពជុំវិញពិភពលោក។
ដោយចង់ដឹង ព្រមទាំងចង់បង្ហាញបន្ថែមឱ្យឃើញអំពីទម្លាប់រស់នៅរាល់ថ្ងៃកុលសម្ព័ន្ធខាងលើនោះ លោកវេជ្ជបណ្ឌិត Sanjay Gupta និងជាអ្នកយកព័ត៌មានផ្នែកសុខភាពប្រចាំទូរទស្សន៍ CNN បានចំណាយពេលច្រើនខែ ទៅរស់នៅជាមួយកុលសម្ព័ន្ធ ដើម្បីស្វែងយល់មេរៀនជីវិតប្រចាំថ្ងៃពីកុលសម្ព័ន្ធ Tsimane ដោយក្នុងនោះលោកទទួលបានបទពិសោធន៍ថ្មីៗដូចខាងក្រោម៖


១- អាហារជីវជាតិធម្មជាតិ
លោកវេជ្ជបណ្ឌិតរកឃើញថា កុលសម្ព័ន្ធ រស់នៅតាមជាយព្រៃអាម៉ាហ្សូនទាំងនោះ មានរបបអាហារសម្បូរជីវជាតិ កាបូអ៊ីដ្រាត ដែលពួកគេដាំដោយផ្ទាល់ ហើយអាហារទាំងនោះ មាន ចេកស្នាប់មុខ ក្តួច បាយ និងពោត។ តែអ្វីចម្លែកនោះ កុលសម្ព័ន្ធមិនបានធ្វើចម្អិនអាហារទាំងនោះញ៉ាំទេ សូម្បីតែសាច់ក៏ដោយ (ញ៉ាំឆៅ) ក៏ពុំមានច្នៃ បន្ថែមអំបិល ស្ករ ប៉ុន្តែពួកគេញ៉ាំ ផ្លែឈើ និងបន្លែចម្រុះគ្រប់មុខដែរ។
២- ទម្លាប់មិននៅស្ងៀម
ក្រុមកុលសម្ព័ន្ធ Tsimane មិនដែលចេះទំនេរស្ងៀមឡើយ ពោលគឺសកម្មក្នុងការថែទាំចំណីអាហារ មើលថែផលដំណាំ ហើយជាពិសេសទៅទៀត ចូលចិត្តដើរឆ្ងាយៗ ជាទូទៅ លោកវេជ្ជបណ្ឌិត Sanjay សម្គាល់ឃើញថា ពួកគេទៅរកសម្ភារៈប្រើប្រាស់ និងចំណីអាហារ ដោយថ្មើរជើង។ លោក Sanjay អាចប៉ាន់ស្មានថា ក្នុងមួយថ្ងៃ កុលសម្ព័ន្ធនេះ អាចដើរប្រមាណ ជាង ១០.០០០ ជំហាន។


៣- ទម្លាប់ឆាប់ចូលគេងពីព្រលប់
លោកវេជ្ជបណ្ឌិតចំណាយពេលរាប់ខែ ជាមួយកុលសម្ព័ន្ធ បញ្ជាក់ដែរថា ជារៀងរាល់ពេលថ្ងៃលិចបាត់ ក្រុមកុលសម្ព័ន្ធ តែងមានវត្តមានក្នុងភូមិ អ្វីពួកគេមកជុំគ្នានោះ គឺសម្រាក (គេង) យកកម្លាំងសម្រាប់ថ្ងៃស្អែក លោកសម្គាល់ទៀតថា ពួកគេឆាប់គេង តែក៏ឆាប់ក្រោកដែរ ពោលគឺ មាន់រងាវ ពួកគេដឹងតែបាត់ពីភូមិ ទៅធ្វើការ។
៤- ទម្លាប់ជជែកគ្នា
មិនថា អ្នកភូមិនៅចាំផ្ទះ ឯភូមិត្បាញក្រណាត់ អ្នកទៅរកចំណីអាហារ និងសម្ភារប្រើប្រាស់ កុលសម្ព័ន្ធ Tsimane ទម្លាប់នៅជាក្រុម ហើយពួកគេទម្លាប់ធ្វើការផងជជែកគ្នាផង។ លោកវេជ្ជបណ្ឌិត Sanjay យល់ឃើញថា ទម្លាប់បែបនេះ ធ្វើឲ្យពួកគេគ្មានភាពស្ត្រេស និងបំបាត់ភាពឯកោយ៉ាងមានប្រសិទ្ធិភាព ហើយនោះក៏ជាសញ្ញាណល្អ ដល់សុខភាពបេះដូង។
ជាការសរុបរួម លោកវេជ្ជបណ្ឌិតកូនកាត់ឥណ្ឌា អាមេរិករូបនេះ ក៏បានដៅចំណុចហេតុផល ៣ ធ្វើឱ្យកុលសម្ព័ន្ធនោះ មានសុខភាពបេះដូងល្អនោះ របបអាហារធម្មជាតិ ភាពសកម្ម និងការសម្រាកគ្រប់គ្រាន់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង